ព័ត៌មានជាតិ

ប្រទះឃើញគ្រោងឆ្អឹង ចងស្លាបសេក ប្រហែលស្លាប់ក្នុងសម័យខ្មែរក្រហម ក្នុងល្អាងប្រចៀវមួយ នៅស្រុកបាណន់

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលដើររកអាចម៌ប្រចៀវ បានប្រទះឃើញឃើញគ្រោងឆ្អឹង ចងស្លាបសេកមួយ ក្នុងល្អាងឈូងស្វាយ ស្ថិតនៅក្នុងឃុំតាក្រៀម ស្រុកបាណន់ខេត្តបាត់ដំបង បង្កឲ្យមានការភ្ញាក់ផ្អើល និង បានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ដែលចុះមក ពិនិត្យស្រាវជ្រាវ កាលពីថ្ងៃទី២០ ខែកុម្ភៈ បានឲ្យដឹងថា គ្រោងឆ្អឹងមនុស្ស ស្លាប់នេះ មានសភាពពុកផុយ ប្រហែលស្លាប់ក្នុងអំឡុងសម័យប៉ុលពត។ នេះបើតាមក្រសួងព័ត៌មានចុះផ្សាយ ។

សមត្ថកិច្ចស្រុកបាណន់បានឲ្យដឹងថា កាលពីម៉ោង៩ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាពលរដ្ឋពីរនាក់ ម្នាក់មានឈ្មោះ រួម វុធថា ភេទប្រុសអាយុ២៩ឆ្នាំ និង ឈ្មោះ បឿន ណាល់ ភេទប្រុសអាយុ ៣៤ឆ្នាំ អ្នកទាំងពីររស់នៅភូមិតាង៉ែន ឃុំតាក្រោម ស្រុកបាណន់ខេត្តបាត់ដំបង បានដើររកអាចម៌ប្រចៀវនៅល្អាងភ្នំឈូងស្វាយ ក្នុងភូមិរបស់ខ្លួនរស់នៅ ក៏ប្រទះឃើញគ្រោង ឆ្អឹងសាកសពក្នុងល្អាងភ្នំ ក៏ប្រញាប់ប្រញាល់រត់មក រាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងការិយាល័យបច្ចេកទេស វិទ្យាសាស្រ្តនៃស្នងការនគបាល ខេត្តបាត់ដំបង សហកាជាមួយ កម្លាំងអធិការ និងនគរបាលប៉ុស្ដិ៍ចុះទៅកាន់ កន្លែងកើតហេតុភ្លាមៗ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ។

សមត្ថកិច្ចបញ្ជាក់ថា ល្អាងដែលប្រជាពលរដ្ឋទៅរក អាចម៌ប្រចៀវនោះមានជម្រៅប្រហែល ២០ម៉ែត្រ កម្លាំងសមត្ថកិច្ចបានសហការ ជាមួយប្រជាពលរដ្ឋចុះសួរតាមឫសជ្រៃ ចុះទៅបាតល្អាង ពិនិត្យនិង ប្រមូលយក ឆ្អឹងសាកសពនោះឡើងមកលើ ។

លោក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានបញ្ជាក់ថា ក្រោយពិនិត្យស្ថានភាពឆ្អឹងសព គឺជាមនុស្សប្រុស វ័យប្រហែល ៥០ឆ្នាំ មានចំណងចងដៃក្រពាត់ ទៅក្រោយដោយខ្សែនីឡុង ពណ៌ក្រហម(ចងស្លាបសេក) មានពាក់អាវដៃវែងពណ៌ប្រផេះ ខោជើងវែងពណ៌ខ្មៅ ហើយក្នុងហោប៉ៅអាវ មានឃើញ ស្លឹកចៀក មូរថ្នាំជក់របៀបចាស់បូរាណ ។

លោកបញ្ជាក់ថា ឆ្អឹងសពនេះ មានសភាព ពុកផុយខ្លះទៅហើយ តាមការសន្និដ្ឋានសពនេះ ប្រហែលស្លាប់ក្នុងសម័យប៉ុលពត គឺយូរឆ្នាំមកហើយ ។ ដោយលោកដាក់ការសង្ស័យថា ប្រហែលសព ត្រូវបានពួកខ្មែរក្រហមយកមកសម្លាប់ ក្នុងអំឡុងពេលដែលជីកទំនប់កំពីងពួយ ព្រោះទីតាំងស្លាប់ នៅក្បែរគ្នាជាមួយទំនប់កំពីងពួយ ។ លោកអធិការបញ្ជាក់ថា ក្រោយពីពិនិត្យគ្រោងឆ្អឹងរួចសមត្ថកិច្ចជំនាញ បានប្រគល់ឲ្យអាចារ្យ វត្តដំបូកខ្ពស់ ឃុំតាង៉ែន ដើម្បីរៀបចំ វេចចខ្ចប់ក្នុងក្រឡ តាមប្រពៃណី រក្សាទុកនៅទីនោះ រួចរាល់ហើយ ៕

To Top