ព័ត៌មានជាតិ

សម្តេចតេជោ លើកទឹកចិត្ត ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំឲ្យមានខ្មែរ-ឥស្លាម កាន់តំណែងយ៉ាងហោច ជាអភិបាលរង ស្រុក ខណ្ឌ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបិទសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាថ្ងៃ២៣ កុម្ភៈ បានជំរុញឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពិនិត្យលទ្ធភាព លើបងប្អូនខ្មែរ-ឥស្លាម ដើម្បីឲ្យចូលបម្រើការងារ មុខងារ សាធារណៈ យ៉ាងហោចណាស់ ត្រឹមជាអភិបាលរង អភិបាលស្រុក ឬខណ្ឌ ប្រសិនបើនៅតាមបណ្តាខេត្តនោះ មានពលរដ្ឋ ខ្មែរ-ឥស្លាមច្រើន ។

សម្តេចតេជោ មានប្រសាសន៍ថា “ខ្ញុំសូមយកឱកាសនេះ ដើម្បីនិយាយទៅកាន់ថ្នាក់ដឹកនាំ​ នៃក្រសួងមហាផ្ទៃ ក៏ដូចជាអភិបាលខេត្ត-រាជធានី ទៅលើការតែងតាំងមន្ត្រី ក្នុងនោះកន្លងទៅ​យើងបានខិតខំរៀបចំ​ឲ្យមានមន្ត្រីជនជាតិភាគតិចរបស់យើង នៅតំបន់ឥសាន និងនៅខេត្តកោះកុង ។ ពីមុននោះ យើងបានបញ្ជូនមន្ត្រីជាច្រើន ដែលជាជនជាតិខ្មែរឡើងទៅកាន់ កិច្ចការសំខាន់ៗ នៅឯភូមិភាគឥសាន ប៉ុន្តែក្រោយមកយើង​ ក៏បានរៀបចំឲ្យមន្ត្រីនៅទីនោះ បណ្តុះបណ្តាលមន្ត្រីនៅទីនោះ ទទួលខុសត្រូវការងារនៅទីនោះ ហើយយើងធ្វើកិច្ចការងារ ប្រកបដោយជោគជ័យ ខេត្តកោះកុង ក៏ដូចគ្នា ។ ប៉ុន្តែបញ្ហាមួយដែលខ្ញុំស្នើឲ្យយកចិត្តទុកដាក់នោះ គឺទាក់ទងជាមួយនឹងស្ថានភាព​របស់ចម្រុះ នៅផ្នែកខាងក្នុង ដែលមានបងប្អូនជនជាតិឥស្លាមរស់នៅយ៉ាងច្រើន នៅតាមបណ្តាខេត្ត និងស្រុកមួយចំនួន ខ្ញុំស្នើឲ្យបណ្តាខេត្ត ដែលមានបងប្អូនឥស្លាមរស់នៅ រៀបចំដើម្បីឲ្យមាន ហោចណាស់អភិបាលរង១នាក់ នៅក្នុងខេត្ត ដែលមានប្រជាជនច្រើន ហើយឲ្យធ្វើអភិបាលរង ហើយបើអាចធ្វើទៅបាន មានសមត្ថភាព ធ្វើអភិបាលស្រុក ឬខណ្ឌ ដែលមានបងប្អូនឥស្លាមច្រើន” ។

“នេះមិនមែនជាកូតាទេ តែជាបញ្ហាថា ទាក់ទិនជាមួយនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល និងសម្រួលដល់ការធ្វើការងារ ពិតមែនហើយបញ្ហានេះ គឺកន្លែងមានកំណត់ ។ យើងឃើញថា ឥឡូវនេះ នៅពេលដែលយើង ចាប់ផ្តើមផ្ទេរការងារពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ កាន់តែច្រើនដូច្នេះហើយ គណអចិន្ត្រៃយ៍ បានសម្រេចប្រគល់ភារកិច្ច ជូនសម្តេចក្រឡាហោម ដើម្បីធ្វើវិសោធនកម្មច្បាប់ ទាក់ទងជាមួយនឹងការបង្កើន នូវចំនួនកៅអី សម្រាប់គណៈអភិបាលខេត្ត រាជធានី គណៈអភិបាលស្រុក ខណ្ឌ ក្រុង ផងដែរ ។ ដូច្នេះខ្ញុំស្នើឲ្យយកចិត្តទុកដាក់ពិនិត្យ ស្រុកណាដែលមានខ្មែរឥស្លាមរស់នៅ គប្បីមានអភិបាលរងម្នាក់ នៅក្នុងស្រុកនោះ ឬខណ្ឌនោះ ធ្វើយ៉ាងដូច្នេះ គឺយើងងាយសម្រួលនៅក្នុងទំនាក់ទំនង បែបសហគមន៍ ហើយដែលវាជាផ្នែកមួយ នៃសុខុដុរមនា ក្នុងចំណោមជាតិសាសន៍របស់យើង” ។

“ខ្ញុំនិយាយឡើងវិញ នេះមិនមែនជាកូតានោះទេ ដែលត្រូវតែដាក់ឥស្លាមទេ ក៏ប៉ុន្តែនេះជាគោលនយោបាយ ដែលយើងត្រូវយកចិត្តទុកដាក់ ហើយក៏សូមអំពាវនាវ ចំពោះនិស្សិត ក៏ដូចជាមន្ត្រីដែលជាជនជាតិឥស្លាម យកចិត្តទុកដាក់ពង្រឹងសមត្ថភាព ព្រោះមិនអាចថា កន្លែងហ្នឹងត្រូវតែដាក់ឥស្លាម ហើយចេះតែរើសយកមកដាក់ រើសយកមកដាក់ឲ្យតែគ្រប់ជើងអំបោសមិនមែនទេ គឺមិនមែនទេ មិនមែនយ៉ាងដូច្នោះទេ”៕

To Top