ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ បន្ដអំពាវនាវពលរដ្ឋ យករថយន្ដទៅឆៀក ឲ្យបានទៀងទាត់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋយកយានជំនិះ មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ឲ្យបានទៀងទាត់ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន។

ក្នុងពិធីសម្ពោធបើកឲ្យ ដំណើរការជាផ្លូវការយានដ្ឋាន អេក្លាសអូតូ សាខាបឹងស្នោ ឋិតនៅផ្លូវជាតិលេខ១ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានបង្ហាញបំណងចង់សហការជាមួយក្រុមហ៊ុន Iron Capital ដើម្បីជួយបណ្ដុះ បណ្ដាលសិស្សនិស្សិតវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ ដើម្បីឲ្យពួកគាត់មានជំនាញក្នុងការជួសជុល និងថែទាំរថយន្តដែលខ្លួនប្រើប្រាស់ដោយខ្លួនឯងប្រកបដោយ គុណភាពបន្ថែម ពីលើចំណេះដឹងក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការគ្រប់គ្រងការដឹកជញ្ជូន និងភស្តុភារកម្ម។

លោក បានថ្លែងថា «សូមអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួម ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាល ដោយយកយានជំនិះរបស់ខ្លួនមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឱ្យបានទៀងទាត់ ដើម្បីធានាសុវត្ថិភាពរបស់បងប្អូនផ្ទាល់»។

លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា ក្រុមហ៊ុននេះជាក្រុមហ៊ុនដែលមានមជ្ឈមណ្ឌល ផ្តល់នូវសេវាជួសជុល ថែទាំរថយន្តតែមួយគត់ ដែលបំពាក់ដោយបរិក្ខារទំនើបៗ រួមទាំងសេវាកម្មស្របតាមស្តង់ដារថយន្តអន្តរជាតិ និងចូលមកផ្តល់សេវាជូនពលរដ្ឋខ្មែរស្របពេលដែល សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ពោលគឺ៖ ទោះបីមានជំងឺកូវីដ-១៩នៅបន្តឆ្លងរីករាលដាលក៏ដោយ ក៏ការចុះបញ្ជីយានយន្ត ជារៀងរាល់ឆ្នាំមានការកើនឡើងគួរឲ្យកត់សម្គាល់ កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅមានភាព ប្រសើរឡើង មានថវិកាសម្រាប់ទិញរថយន្តមកប្រើប្រាស់ ដែលតម្រូវឱ្យមានសេវាថែទាំ ជួសជុលយានយន្តមានគុណភាពល្អស្តង់ដាផងដែរ។

លោក បន្ដថា សព្វថ្ងៃនេះនៅកម្ពុជាអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ គិតជាមធ្យមមានចំនួន៥នាក់ របួសចំនួន១៥នាក់ក្នុងមួយថ្ងៃ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពីកត្តាយានយន្តមានចំនួន២,៨% បណ្តាលឲ្យមនុស្សស្លាប់ ចំនួន៨៣នាក់ ក្នុងឆ្នាំ២០២១ ដោយសារការខកខានមិនបានយកយានយន្តមកត្រួតពិនិត្យ បច្ចេកទេសលក្ខណៈ បច្ចេកទេសឲ្យបានត្រឹមត្រូវ៕

To Top