ព័ត៌មានជាតិ

យុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ ការពារធម្មជាតិកម្ពុជា ចាប់ផ្តើមនាថ្ងៃនេះហើយ

ភ្នំពេញ ៖ «យុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ ការពារធម្មជាតិកម្ពុជា» ផ្តួចផ្តើមនិងដឹកនាំរៀបចំ ដោយក្រសួងបរិស្ថាន មានការចូលរួមរបស់អង្គការ អន្តរជាតិដៃគូ ក្នុងកិច្ចការអភិរក្សធនធាន ធម្មជាតិ ចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ សម្រាប់រយៈពេល ៦ ខែ នៅក្នុងបណ្តាខេត្តខាងកើត ទន្លេមេគង្គ រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំ ។ នេះបើតាមហ្វេសប៊ុក លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ។

ពិធីបើកយុទ្ធនាការអន្ទាក់សូន្យនេះ នឹងប្រព្រឹត្តទៅ តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីអន្តរក្រសួង រដ្ឋបាលខេត្តពាក់ព័ន្ធ នឹងអង្គការដៃគូនានា ដែលសហការជាមួយក្រសួងបរិស្ថាន ក្នុងយុទ្ធនាការអន្ទាក់សូន្យនេះ ។

លោក នេត្រ ភក្ត្រា បានលើកឡើង ក្នុងសន្និសីទសារព័ត៌មានមួយ នៅរសៀលថ្ងៃ២ មីនាថា យុទ្ធនាការ អន្ទាក់សូន្យនឹងជាផ្នែកមួយ នៃការជួយបញ្ជ្រាបការយល់ដឹង របស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយចំនួន អន្ទាក់នៅក្នុង តំបន់ការពារធម្មជាតិ។

លោកថា ការបើកយុទ្ធនាការអន្ទាក់សូន្យ នៅថ្ងៃ៣ មីនានេះ ស្របពេលពិភពលោក ប្រារព្ធទិវាសត្វព្រៃ ពិភពលោកផងដែរ និងមានគោល បំណងសំខាន់រួមមាន ៖ ការផ្សព្វផ្សាយអប់រំ ពីផលប៉ះពាល់ដោយសារអន្ទាក់ទៅលើជីវិត សត្វ និងជីវិតមនុស្ស ពង្រឹងការអនុវត្តច្បាប់ ការផ្លាស់ប្តូរឥរិយាបថ ពលរដ្ឋឲ្យបង្កើនការប្រតិបត្តិមេត្រី បរិស្ថាន ស្រឡាញ់សត្វព្រៃជីវៈចម្រុះ និងការលុបបំបាត់ការបរបាញ់សត្វ ការដាក់អន្ទាក់ខុសច្បាប់ និងការលុបបំបាក់ការជួញដូរសាច់សត្វព្រៃ ក៏ដូចជាបង្កើនសុវត្ថិភាព ដល់សត្វព្រៃគ្រប់ប្រភេទ ។

លោកថ្លែងទៀតថា អន្ទាក់គឺកត្តាគំរាមកំហែងខ្លាំងចំពោះសត្វព្រៃ ខណៈបរិមាណអន្ទាក់ដែលបានដោះនៅឆ្នាំ២០២១ មានចំនួន ៦១៦១១ អន្ទាក់ កើនឡើងប្រមាណជាង២០% បើប្រៀបធៀបបរិមាណអន្ទាក់ដោះបាននៅឆ្នាំ២០២០ ដែលមានចំនួន ៤៣ ២៧០ អន្ទាក់។

ចំណែកលោក គឹម ណុង អគ្គនាយក នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថានបានឲ្យដឹងដែរថា យុទ្ធនាការនេះសំដៅធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលមានទម្លាប់ដាក់អន្ទាក់ចាប់សត្វព្រៃ ងាកមកគោរពច្បាប់ និងឲ្យពួកគាត់យល់ពីតម្លៃសត្វព្រៃ ហើយរួមគ្នាមកចូលរួម អភិរក្សសត្វព្រៃដែលជាសត្វមាន តម្លៃមហាសាលមិនអាចកាត់ថ្លៃ បានជាសាកល។

ជាមួយគ្នានេះលោក សេង ទៀក ប្រធាន អង្គការ WWF បានឲ្យដឹងថា បច្ចុប្បន្នអន្ទាក់ ដែលត្រូវបានគេដោះ នៅតាមតំបន់ការពារ ធម្មជាតិ បានត្រឹមតែ ២០ភាគរយប៉ុណ្ណោះ ហើយចំនួន៨០ភាគរយទៀត មិនទាន់បានដោះដែលជនល្មើសបានដាក់ នៅតាមតំបន់ធនធានធម្មជាតិ នានានៅកម្ពុជា។

ប្រធានអង្គការ WWFរូបនេះបានលើកឡើង ដោយបញ្ជាក់ថា ផ្អែកតាមរបាយការណ៍ឆ្នាំ ២០២០ នៅតំបន់ អាស៊ីអាគ្នេយ៍ មានអន្ទាក់ប្រមាណ ១២លានអន្ទាក់ដូចជាប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាមឡាវ ថៃនិងកម្ពុជា ដែលកំពុងគំរាមកំហែងសត្វព្រៃ។ ដោយអន្ទាក់ទាំងនេះ គឺជាដើមចមធ្វើឲ្យបាត់បង់នូវសត្វកម្រៗ ក្នុងលោកដូចជា ខ្លា ខ្លារខិន ខ្លាពពកស ឆ្កែព្រៃ ខ្លាឃ្មុំជាដើម ៕

To Top