ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ជំរុញឱ្យទប់ស្កាត់ ករណីលួចនាំចូល គ្រឿងញៀន ទៅក្នុងពន្ធនាគារ

ភ្នំពេញ ៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានណែនាំពន្ធនាគាររាជធានី-ខេត្ត ត្រូវរិះរកវិធានការបន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់ ករណីលួចនាំចូលគ្រឿងញៀន ទៅក្នុងពន្ធនាគារ ។

ក្នុងពិធីបិទសន្និបាតផ្សព្វផ្សាយ ទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ និងផែនការសកម្មភាពឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធនាគារ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោក ប៉ាវ ហមផាន បានថ្លែងថា អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវបន្តថែទាំជួសជុល អគារចាស់ទ្រុឌទ្រោម កំផែង របងសុវត្ថិភាព សំដៅធានាបានសន្តិសុខ ពន្ធនាគារ ព្រមជាមួយនោះ មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ក៏ត្រូវបែងចែកឃុំឃាំងឲ្យបានត្រឹមត្រូវតាមចំណាត់ថ្នាក់សន្តិសុខ តាមប្រភេទជនជាប់ឃុំ ដើម្បីបង្កលក្ខណៈដល់ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព ។

លោក បានបញ្ជាក់ថា «ពង្រឹងការអនុវត្តច្បាប់ នីតិវិធី បទបញ្ជាផ្ទៃក្នុងពន្ធនាគារ សំដៅបង្ការទប់ស្កាត់បទល្មើស និងហានិភ័យផ្សេងៗ ដែលអាចកើតមានជាយថាហតុ នៅក្នុងពន្ធនាគារ ជាពិសេស ត្រូវសិក្សាមើលពីករណី ប្រព្រឹត្តិបទល្មើស ឬករណីលួចរត់ទាំងឡាយ ដើម្បីប្រមូលផ្តុំគ្នារិះរកវិធានការបន្ថែមដើម្បីបង្ការ និង ទប់ស្កាត់ ជាពិសេស គឺការងារ ទប់ស្កាត់ការនាំចូល គ្រឿងញៀនខុសច្បាប់ចូលក្នុងពន្ធនាគារ»។

លើសពីនេះទៀត លោករដ្ឋលេខាធិការ ក៏បានណែនាំអគ្គនាយកដ្ឋានពន្ធនាគារ ត្រូវបន្តសហការជាមួយអាជ្ញាធរតុលាការ ដើម្បីពន្លឿននីតិវិធីជំនុំជម្រះក្តី និងចេញសាលក្រម សាលដីកា ផ្សព្វផ្សាយអំពីសិទ្ធិរកមេធាវី សិទិ្ធសួរសុខទុកគ្រួសារ ដល់ជនជាប់ឃុំ យកចិត្តទុក ដាក់អនុវត្តបទដ្ឋានដោយឡែក សម្រាប់ជនជាប់ឃុំជានារី កូនតាមម្ដាយជាប់ឃុំ និងជនជាប់ឃុំជាអនីតិជន ។

សូមបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ជនជាប់ឃុំនៅទូទាំងប្រទេស ចំនួន ៣៨.០៧០នាក់ ក្នុងនោះ ស្តី្រ ចំនួន ២.៣៦៧នាក់ ជនជាប់ឃុំចោទពីបទល្មើសគ្រឿងញៀនស្មើនឹង ៥៤.៤៤%, ជនជាប់ឃុំជនបរទេស ចំនួន ១.៦១២នាក់ និងអនីតិជន ១.៤២២នាក់៕

To Top