ព័ត៌មានជាតិ

កម្ពុជា ឲ្យអ្នករាយការណ៍ពិសេស ផ្ដល់ភស្តុតាងជាក់ស្ដែង ចំពោះការចោទប្រកាន់ថា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា មានការបំភិតបំភ័យ (Video)

ភ្នំពេញ៖ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានស្នើឲ្យអ្នករាយការណ៍ពិសេស ផ្ដល់នូវភស្តុតាងរឹងមាំជាក់ស្ដែង ដើម្បីផ្ទៀងផ្ទាត់ចំពោះការចោទប្រកាន់ ដែលអ្នករាយការណ៍បានថ្លែងកន្លងមកថា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា មានការបំភិតបំភ័យ និងការព្រួយបារម្ភ ។

ការស្នើរបស់តំណាងអចិន្ត្រៃយ៍កម្ពុជា ធ្វើឡើងក្នុងកិច្ចសន្ទនាអន្តរសកម្ម ស្ដីពីរបាយការណ៍ផ្ទាល់មាត់ របស់អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ដោយមានគណៈប្រតិភូចំនួន ៣៦ប្រទេស ចូលរួមថ្លែងបទអន្តរាគមន៍ ។

លោក អាន សុខខឿន បានមានប្រសាសន៍ថា គណៈប្រតិភូពីប្រទេសចំនួន២៨ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។

លោកបន្តថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងកំណែទម្រង់បោះឆ្នោត លំហរនយោបាយ និងពហុភាពនៃទស្សននយោបាយសំដៅធានា ការបោះឆ្នោតនាពេលខាងមុខ ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានសណ្ដាប់ធ្នាប់ ដោយសន្តិវិធី និងមានតម្លាភាព ក៏ត្រូវបានគណៈប្រតិភូប្រទេសអាស៊ាន និងប្រទេសផ្សេងទៀត សម្តែងការស្វាគមន៍ផងដែរ។

ជាការកត់សម្គាល់ គណៈប្រតិភូចំនួន៨ ប្រទេសផ្សេងទៀត បានបញ្ចេញមតិយោបល់ទិតៀន លំហពលរដ្ឋនិងនយោបាយ រួមទាំងសេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំដោយសន្តិវិធី។ ទន្ទឹមនេះ គណៈប្រតិភូទាំងនោះស្ទើរតែទាំងអស់ ក៏បានស្វាគមន៍កិច្ចសហប្រតិបត្តិការដ៏យូរលង់ និងការចូលរួមប្រកបដោយ ស្ថាបនារបស់កម្ពុជា ជាមួយយន្តការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ រួមទាំងការិយាល័យ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស គណៈកម្មាធិការតាមដានការអនុវត្តសន្ធិសញ្ញា និងអ្នករាយការណ៍ពិសេស។

ក្នុងបទអន្តរាគមន៍ឆ្លើយតបទៅ នឹងរបាយការណ៍ ចោទប្រកាន់របស់អ្នករាយការណ៍ពិសេស ដែលថា សិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា មានការបំភិតបំភ័យ និងការព្រួយបារម្ភ តំណាងអចិន្ត្រៃយ៍កម្ពុជា បានសង្កត់ធ្ងន់ថា «សូមស្នើជាថ្មីម្ដងទៀតឲ្យអ្នករាយការណ៍ពិសេស ផ្ដល់ភស្តុតាងរឹងមាំជាក់ស្ដែង ដើម្បីផ្ទៀងផ្ទាត់ចំពោះការចោទប្រកាន់ចំនួនពីរករណី ដែលអ្នករាយការណ៍ពិសេសបានថ្លែងកន្លងមក» ។

លោកបន្តថា បើទោះបីជាកម្ពុជាបានផ្តល់ នូវកិច្ចសហប្រតិបត្តិការពិតប្រាកដរបស់ខ្លួន ដែលស្ដែងឡើងតាមរយៈកិច្ចសន្ទនាចំនួន ១៩លើក ជាមួយអ្នករាយការណ៍ពិសេស ចាប់តាំងពីខែឧសភា ឆ្នាំ២០២១ យ៉ាងណាក៏ដោយ ក៏របាយការណ៍របស់អ្នករាយការណ៍ពិសេស ពុំបានលើកឡើងឲ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ថែមទាំងរំលងនូវគោលការណ៍សត្យានុម័ត អព្យាក្រឹត និងមិនជ្រើសរើសតែមួយជ្រុង។

លោកបញ្ជាក់ថា កិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សមិនមែន ផ្តោតលើការរត់ប្រណាំងប្រជែងគ្នា និងភាពល្អឥតខ្ចោះអំពីបញ្ហាទេ ប៉ុន្តែគឺដូចនឹងការរត់រយៈចម្ងាយវែង ដែលត្រូវផ្តោតលើការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងវឌ្ឍនភាពជាក់ស្តែង ហើយកិច្ចពិភាក្សាលើប្រធានបទនេះ គួរធ្វើឡើងដោយផ្អែកលើស្ថិតិ និងអង្គហេតុ មិនមែនផ្អែកទៅតាម អារម្មណ៍យល់ឃើញនោះទេ។ លោកថា វាជាប្រការគួរឱ្យអស់សំណើច ដែលអ្នករាយការណ៍ពិសេសទទូចឱ្យ មានតម្លាភាពនិងគណនេយ្យភាព ប៉ុន្តែបែរជារិះគន់ ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានដាក់បញ្ចូលនូវ គោលការណ៍ដ៏សំខាន់ទាំងនោះ ចំពោះមូលនិធិ និងសកម្មភាពរបស់ អង្គការមិនមែនរដ្ឋាភិបាល។

ពាក់ព័ន្ធនឹងអ្វីដែលអ្នករាយការណ៍ពិសេសហៅថា ការកាត់ក្តីទ្រង់ទ្រាយធំ តំណាងកម្ពុជាបានបកស្រាយបំភ្លឺថា អ្នករាយការណ៍ពិសេសពុំបានផ្តល់អង្គហេតុលម្អិត ដែលធាតុពិត មានជាប់ពាក់ព័ន្ធនឹងការញុះញង់ ឱ្យយោធិននិងជនស៊ីវិលមិនស្តាប់បង្គាប់។ ទង្វើបែបនេះសុទ្ធតែត្រូវបានគេថ្កោលទោស។ មេក្លោងរៀបចំផែនការនេះក៏ត្រូវបាន ថ្កោលទោសផងដែរដោយ អ្នករាយការណ៍ពិសេសមុន នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ ចំពោះទង្វើញុះញង់ឲ្យផ្ដួលរំលំរដ្ឋាភិបាល ដែលជ្រើសតាំងដោយប្រជាជន ។

ប្រតិកម្មទៅនឹងការចោទប្រកាន់ ដោយមិនឈរលើហេតុផល អំពីការដឹកនាំដោយឯកបក្សនោះ តំណាងអចិន្ត្រៃយ៍កម្ពុជាបានសង្កត់ធ្ងន់ថា “ការដឹកនាំនៅកម្ពុជា គឺកើតចេញពីការបោះឆ្នោត ជ្រើសតាំងដោយប្រជាជន តាមបែបប្រជាធិបតេយ្យ និងស្របតាមរដ្ឋធម្មនុញ្ញ។ បើទោះបីជាមានការអំពាវនាវឱ្យ ធ្វើពហិការការបោះឆ្នោតក្នុងឆ្នាំ២០១៨ ដោយក្រុមមួយចំនួនយ៉ាងណាក្ដី ក៏អត្រាប្រជាជនចូលរួមបោះឆ្នោតមានចំនួន ៨៣,០២% ហើយក្នុងនោះ ៧៧% បានផ្ដល់ការជឿទុកចិត្តបោះឆ្នោតជូនបក្សកាន់អំណាច ដើម្បីបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយចីរភាព។

តំណាងអចិន្ត្រៃយ៍កម្ពុជា ក៏បានបញ្ជាក់ជាថ្មីម្ដងទៀតថា កម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបន្តធ្វើការជាមួយដៃគូទាំងអស់ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស សម្រាប់ទាំងអស់គ្នា នៅក្នុងក្របខណ្ឌនៃនីតិរដ្ឋ បន្តលើកតម្កើងការអភិវឌ្ឍប្រកបដោយចីរភាព និងរក្សាសន្តិភាពនៅកម្ពុជា ដែលសម្រេចបានដោយលំបាក ហើយដែលប្រជាជនកម្ពុជា គ្រប់រូបផ្តល់តម្លៃនិងគាំពារ ៕

To Top