ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ បានថ្លែងថា ចំពោះជំងឺកូវីដ-១៩ កម្ពុជាប្រកាន់គោលការណ៍សិទ្ធិមនុស្សជាស្នូល ហើយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ចំនួន ៨ជុំ ស្មើនឹងជាង ៦០០លានដុល្លារ បានផ្ដល់ជូនគ្រួសារក្រីក្រ ជិត ៧០០.០០០គ្រួសារ ស្មើនឹងប្រហែល ២,៨លាននាក់។ នេះយោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា។
ក្នុងសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នាពេលថ្មីៗនេះ ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា បានឡើងធ្វើបទបង្ហាញថា «ឆ្លើយតបរបស់កម្ពុជា ចំពោះជំងឺរាតត្បាតកូវីដ-១៩ បានប្រកាន់គោលការណ៍ សិទ្ធិមនុស្សជាស្នូល ជាពិសេសសិទ្ធិមានជីវិត សុខភាព និងការរស់រាន។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ចំនួន៨ជុំ ស្មើនឹងប្រមាណជាង៦០០លានដុល្លារ បានផ្តល់ជូនដល់គ្រួសារក្រីក្រ ជិត ៧០០.០០០ គ្រួសារ ឬស្មើនឹងប្រហែល២,៨ លាននាក់»។
តំណាងអចិន្ដ្រៃយ៍កម្ពុជាបន្ដថា យុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដោយឥតគិតថ្លៃរបស់កម្ពុជា បានសម្រេចនូវអត្រាជាង៩០% នៃចំនួនប្រជាជនកម្ពុជាសរុប ពោលគឺលើសគោលដៅ ដែលបានកំណត់ដោយ អង្គការសុខភាពពិភពលោក។
តំណាងអចិន្ដ្រៃយ៍កម្ពុជាបញ្ជាក់ថា «គ្មាននរណាម្នាក់អាចមានសុវត្ថិភាពឡើយ ប្រសិនបើគ្រប់គ្នា ពុំមានសុវត្ថិភាព» កម្ពុជា បានបរិច្ចាគម៉ាស់ការពាររាប់លាន រួមជាមួយវ៉ាក់សាំង និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រផ្សេងទៀត ដល់ប្រទេសមួយចំនួន ឈរលើស្មារតីសាមគ្គីភាពនិង កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទប់ស្កាត់ការកើនឡើង នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩។
ពាក់ព័ន្ធសិទ្ធិទទួលបានរបបអាហារ តំណាងអចិន្ដ្រៃយ៍កម្ពុជា បានលើកឡើងថា កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់ប្រព័ន្ធស្បៀងអាហារ ប្រកបដោយចីរភាព និងការសម្រេចបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ទាំងអស់គ្នា ដែលស្ដែងឡើង តាមរយៈវិស័យអាទិភាពចំនួន៤ ដើម្បីសម្រេច ឲ្យបាននូវចក្ខុវិស័យ ស្ដីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០។
លើសពីនេះទៀត ផែនការមេវិស័យកសិកម្មឆ្នាំ២០៣០ ត្រូវបានចាប់ផ្ដើមអនុវត្ត ដើម្បីឲ្យកសិករ មានលទ្ធភាពទទួលបាន ប្រព័ន្ធកសិកម្មប្រកបដោយបរិយាប័ន្ន និងចីរភាព ជាពិសេសសម្រាប់ការអភិវឌ្ឍន៍គ្រាប់ពូជ៕