ព័ត៌មានជាតិ

កិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុន ខេមឡៃហ្វ និងធនាគារ ហត្ថា ក្នុងការចូលរួមលើកកម្ពស់ កិច្ចការពារហិរញ្ញវត្ថុ ដល់អតិថិជន

ភ្នំពេញ៖ នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡៃហ្វ” ម.ក ជាក្រុមហ៊ុនធានារ៉ាប់រង ខ្នាតតូច ដែលទទួលបានពានរង្វាន់ ជ័យលាភីក្រុមហ៊ុនធានារ៉ាប់រង ខ្នាតតូចល្អបំផុត នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២១ ពីស្ថាប័ន CFI.co ដែលមានមូលដ្ឋាន នៅក្នុងចក្រភពអង់គ្លេស និង ធនាគារ ហត្ថា ម.ក ដែលជាធនាគារមួយ ក្នុងចំណោមធនាគារ ឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា បានចុះកិច្ចព្រមព្រៀង អាជីវកម្មប៊េងការសួរេន ដើម្បីចូលរួមលើកកម្ពស់ បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការបង្កើន លទ្ធភាពឱ្យអតិថិជន ធនាគារ ហត្ថា និងសាធារណជន ទទួលបានសេវាធានារ៉ាប់រង និងពង្រឹងកិច្ចការពារអតិថិជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះ គឺស្របតាមយុទ្ធសាស្ត្រប៊េងកាសួរេន របស់ក្រុមហ៊ុន ខេមឡៃហ្វ និង ធនាគារ ហត្ថា ដើម្បីបង្កើនការយល់ដឹង ដល់ប្រជាជនកម្ពុជាឱ្យយល់ច្បាស់ អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ សេវាកម្មធានារ៉ាប់រងចំពោះ សុវត្ថិភាពហិរញ្ញវត្ថុ សុខភាព និងសុខុមាលភាព។ ភាពជាដៃគូនេះ អនុញ្ញាតឱ្យទីប្រឹក្សាធានារ៉ាប់រង ប្រកបដោយវិជ្ជាជីវៈរបស់ក្រុមហ៊ុន ខេមឡៃហ្វ ផ្តល់ជូនការប្រឹក្សា ការណែនាំនូវដំណោះស្រាយ និងកិច្ចការពារហិរញ្ញវត្ថុប្រកបដោយគុណភាព និងប្រសិទ្ធភាព ជូនដល់អតិថិជន។

លោក Johnson Chai អគ្គនាយក ក្រុមហ៊ុន ខេមឡៃហ្វ មានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយ ក្រៃលែង ដែលក្លាយជាដៃគូ យុទ្ធសាស្ត្រធានារ៉ាប់រង ថ្មីរបស់ ធនាគារ ហត្ថា ។ យើងមានការប្តេជ្ញាចិត្ត ក្នុងការបន្តអភិវឌ្ឍផលិតផល ធានារ៉ាប់រងខ្នាតតូចបន្ថែមទៀត ដើម្បីបំពេញសេចក្តី ត្រូវការ របស់អតិថិជនធនាគារ ដែលមានចំណូលទាប និងមធ្យម ក្នុងគោលបំណង ដើម្បីឱ្យពួកគាត់រស់នៅ ប្រកបដោយសុខុមាលភាពល្អ ប្រសើរជាមួយនឹងសុវត្ថិភាព ហិរញ្ញវត្ថុ និងភាពកក់ក្តៅ ក្នុងចិត្តដោយដឹងថាក្រុមហ៊ុន ខេមឡៃហ្វ តែងតែការរពារពួកគាត់គ្រប់ពេលវេលា ។ ដើម្បីបំពេញតាមការសន្យា របស់យើងក្នុងការចូលរួមជំរុញឱ្យមានភាពរីកចម្រើនក្នុងវិស័យធានារ៉ាប់រង ធនាគារ ហត្ថា និងក្រុមហ៊ុន ខេមឡៃហ្វ នឹងសហការគ្នា ឱ្យអស់ពីលទ្ធភាព ក្នុងការស្វែងយល់ឱ្យច្បាស់ អំពីតម្រូវការរបស់អតិថិជន ដើម្បីធ្វើការបម្រើសេវា ឱ្យបានចំគោលដៅ កាន់តែមាន ប្រសិទ្ធភាព និងបង្កើនភាពសម្បូរបែប នៃបណ្តាញចែកចាយក៏ដូចជាបង្កើន ចំនួនអតិថិជនសម្រាប់ ស្ថាប័នរបស់យើង” ។
លោកឧកញ៉ា ហ៊ួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា មានប្រសាសន៍ថា “«បន្ទាប់ពីបានបម្រើសេវាហិរញ្ញវត្ថុនៅកម្ពុជា អស់រយៈកាល ៣ទសវត្សកន្លងមក ធនាគារ ហត្ថា សម្រេចបាននូវនូវសមិទ្ធផលយ៉ាងល្អ គាប់ជាច្រើនក្នុងនោះរាប់បញ្ចូល ទាំងភាពងាយស្រួល ការប្រើប្រាស់សេវាឌីជីថល និងការបម្រើសេវា ដោយផ្ទាល់ពីបុគ្គលិក របស់យើងយ៉ាងទូលំទូលាយទូទាំងប្រទេស តាមរយៈសាខាទាំង១៧៧ ការផ្តល់ជូននូវអត្រា ការប្រាក់ ដែលមានប្រកួតប្រជែង ខ្ពស់លើទីផ្សារ និងការផ្តល់ជូនសេវាហិរញ្ញវត្ថុ ដែលប្រកប ដោយទំនុកចិត្តខ្ពស់ ។ នៅថ្ងៃនេះ យើងនឹងពាំនាំនូវការ ផ្តល់ជូនថ្មីបន្ថែមទៀត សម្រាប់អតិថិជនរបស់យើង ក្នុងការទទួលបាននូវជម្រើស កាន់តែប្រសើរ និងកក់ក្តៅក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមរយៈ ធនាគារ ហត្ថា និងខេមឡៃហ្វ ។ លោកបានបន្ថែមថា ការប្រើប្រាស់សេវាធានារ៉ាប់រង គឺត្រូវបានលើកទឹកចិត្តយ៉ាងទូលំទូលាយ ពីសំណាក់អ្នកជំនាញ ក្នុងការ ទទួលបាននូវការការពារ និង ធានាបាននូវភាពជោគជ័យ ប្រកបដោយស្ថិរភាព គ្រប់កាលៈទេសៈយ៉ាងល្អ ប្រសើរទាំងនៅក្នុងអាជីវកម្ម និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់គ្រប់ក្រុមគ្រួសារ” ។

ដើម្បីអបអរសាទរភាពជាដៃគូអាជីវកម្មនេះ សម្រាប់អតិថិជនរបស់ ធនាគារ ហត្ថា ទាំងអស់ដែលបានប្រើប្រាស់ សេវាធានារ៉ាប់រងរបស់ក្រុមហ៊ុន ខេមឡៃហ្វ ចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នឹងទទួលបានការបញ្ចុះតម្លៃ ពិសេស ១២% ភ្លាមៗ។

To Top