ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ តម្កល់ទោស ជនជាប់ចោទប្រុស-ស្រី ៣នាក់ ជាប់គុក ពី ៥ ទៅ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជូញដូរគ្រឿងញៀនឆ្លងដែនជាង១,៥ គីឡូក្រាម

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៦ខែ មេសា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកា តម្កល់ទោស ជនជាប់ចោទ ប្រុស -ស្រីចំនួនចំនួន ៣នាក់ ជាប់ពន្ធនាគារ ក្នុងម្នាក់ៗ ពី ៥ទៅ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹង ការជួញដូរគ្រឿងឆ្លងដែល ចំនួនជាង ១,៥ គីឡូក្រាម ប្រព្រឹត្តនៅ ចំណុចខាងមុខ ប្រៃសណីយ៍ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីអំឡុងខែ មិថុនា ឆ្នាំ ២០១៩ ។

លោកជំទាវ ទិតសុទ្ធី បូរ៉ាល័ក្ចណ៌ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងនៅក្នុងអង្គសវនាការថា ជនជាប់ចោទទាំង៣នាក់ខាងលើមានឈ្មោះ ៖ ទី១-ឈ្មោះ វង្ស សុខន ភេទស្រី អាយុ៥០ឆ្នាំ មេក្លោងនៅខេត្តស្ទឹងត្រែង ។ ទី២-ឈ្មោះ សៅ សំណាង ភេទ ប្រុស អាយុ៣២ឆ្នាំ មេខ្លោងនៅភ្នំពេញ ។ និង ទី៣- ឈ្មោះ សោម សារ៉ាវ័ន្ត ភេទប្រុស អាយុ៣៥ ឆ្នាំ ។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទទាំង៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ១ ខែ មិថុនា ឆ្នាំ ២០២០ កាត់ទោស ទី ១-ឈ្មោះ វង្ស សុខន ដាក់ពន្ធនាគាកំណត់ ៣០ឆ្នាំ និង ពិន័យ ៥០ លានរៀល ។ ទី ២- ឈ្មោះ សៅ សំណាង ដាក់ពន្ធនាគាកំណត់ ៣០ឆ្នាំ និង ពិន័យ ៥០ លានរៀល ។ និងទី៣ -ឈ្មោះ សោម សារ៉ាវ័ន្ត ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ និង ពិន័យ ១០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ពីបទ: “ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង ញៀន ។ តែពួកគាត់បានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩ នៅមុខប្រៃសណីយ៍ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបាន គ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន ១, ៥២៤ ក្រាម (ទម្ងន់ជាង១,៥ គីឡូក្រាម) ។

សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានលើកពេលប្រកាសសាលដីកា នៅព្រឹកថ្ងៃទ ៦ ខែ មេសា ឆ្នាំ ២០២២៕

ដោយ: លីហ្សា

To Top