ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ហាមឃាត់ការផ្សព្វផ្សាយលក់ ផលិតផលជំនួយអារម្មណ៍ផ្លូវភេទឈ្មោះ PHILTER

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានហាមឃាត់ការផ្សព្វផ្សាយលក់ ផលិតផលជំនួយអារម្មណ៍ផ្លូវភេទឈ្មោះ PHILTER (BLACK ROSE) ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងឡើយ។

ការលើកឡើងរបស់ក្រសួងសុខាភិបាល បន្ទាប់ពីពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ Vail Shap កំពុងផ្សព្វផ្សាយលក់ ផលិតផលជំនួយអារម្មណ៍ផ្លូវភេទឈ្មោះ PHILTER (BLACK ROSE) គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពី ក្រសួងសុខាភិបាល ព្រមទាំងបានផ្សព្វផ្សាយ ភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការ ពិតគ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវ ដែលអាចបង្កជាបទល្មើសធ្ងន់ធ្ងរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៩ មេសា នេះ ក្រសួង បានស្នើអាជ្ញាធរ ពាក់ព័ន្ធជួយសហការស្រាវជ្រាវរកម្ចាស់គណនី បណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀត មកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីបង្ការកុំឲ្យកើតមានគ្រោះថ្នាក់ ពីការប្រើប្រាស់ផលិតផលខាងលើនេះ ក៏ដូចជា ការបង្ការមិនឲ្យមានបទល្មើសឧក្រិដ្ឋ ជាយថាហេតុផ្សេងៗទៀតផងដែរ។

ក្រសួង បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់ ផលិតផលជំនួយអារម្មណ៍ផ្លូវភេទឈ្មោះ PHILTER (BLACK ROSE) គ្មានលេខបញ្ជីកា និងគ្មានការទទួល ស្គាល់ពីក្រសួងសុខាភិបាលនេះជាបន្ទាន់ ព្រោះផលិតផលខាងលើនេះមិន បានបញ្ជាក់ថា ផ្សំពីសារធាតុគីមីអ្វីឡើយ ដូច្នេះវាអាចធ្វើឲ្យប៉ះពាល់ ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិតទៀតផង។

ទន្ទឹមគ្នានេះដែរ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានស្គាល់ម្ចាស់គណនី បណ្តាញសង្គមហ្វេសប៊ុកខាងលើ ឬជនពាក់ព័ន្ធ ឬបានស្គាល់ទីតាំងដែលកំពុងចែកចាយ ឬលក់ ផលិតផលជំនួយ អារម្មណ៍ផ្លូវភេទឈ្មោះ PHILTER (BLACK ROSE) គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួង សុខាភិបាលខាងលើនេះ សូមសហការផ្ដល់ព័ត៌មានមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top