ព័ត៌មានជាតិ

លោក អេង ហ៊ី៖ បុគ្គល ប៉ុក ដារ៉ា ស្លៀកពាក់ឯកសណ្ឋាន និងប្រើឯកសារក្លែង មិនមាននៅក្នុងបញ្ជី គ្រប់គ្រងចំនួនទ័ព របស់កងរាជអាវុធហត្ថ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសថា បុគ្គលឈ្មោះ ប៉ុក ដារ៉ា ដែលស្លៀកពាក់ឯកសណ្ឋានក្លែង និងការប្រើប្រាស់ឯកសារក្លែងនោះ មិនមាននៅក្នុងបញ្ជីគ្រប់គ្រងចំនួនទ័ព របស់កងរាជអាវុធហត្ថទេ ។ នេះតាមហ្វេសប៊ុករបស់លោក អេង ហ៊ី នាថ្ងៃ២១ មេសា ។

ការចេញមកប្រកាសបដិសេធ របស់លោកអេង ហ៊ីនេះ បន្ទាប់ពីបុគ្គលប៉ុក ដារ៉ា បានស្លៀកពាក់ឯកសណ្ឋាន កងរាជអាវុធហត្ថក្លែង ហើយបានផ្សព្វផ្សាយរូបភាព និងការបញ្ចេញមតិមួយចំនួន នៅក្នុងបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក គណនីឈ្មោះ “Da Ra” ថា “ប្តីប៉េអឹម ឲ្យលុយប្រពន្ធច្រើន និងទុកខ្លួនឯងតិចបំផុត” ។ បន្ទាប់ពីបានឃើញបែបនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានបញ្ជាឲ្យជំនាញពាក់ព័ន្ធ ធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ បុគ្គលនោះ ដើម្បីបញ្ជាក់ការពិត។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់ថា “ក្រោយពីធ្វើការស្រាវជ្រាវ និងបានស្តាប់ចម្លើយបុគ្គលឈ្មោះ ប៉ុក ដារ៉ា ជំនាញបានបញ្ជាក់ថា បុគ្គលនេះមិនមាន នៅក្នុងបញ្ជីគ្រប់គ្រងចំនួនទ័ព របស់កងរាជអាវុធហត្ថទេ ។ ចំណែកឯអត្តសញ្ញាណ បណ្ណនាយទាហាន នៃកងយោធពល ខេមរភូមិន្ទលេខ ៩ស១១ធ ៨៧៣៧ ដែលមានឈ្មោះ ប៉ុក ដារ៉ា ឋានន្តរសក្តិ អនុសេនីយ៍ឯក អត្តលេខ១៧៨៧៣៣ ចុះថ្ងៃទី៥ ខែ៨ ឆ្នាំ២០២០ គឺជាឯកសារក្លែងក្លាយ” ។

លោកថា ចំពោះអំពើរបស់បុគ្គលឈ្មោះ ប៉ុក ដារ៉ា បានប្រព្រឹត្តបទល្មើសដូចមានចែង ក្នុងមាត្រា៦១២ “បទប្រើប្រាស់ដោយខុសច្បាប់ នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ” និងមាត្រា៦៣០ “បទប្រើប្រាស់ឯកសារសាធារណៈក្លែង” នៃក្រមព្រហ្មទណ្ឌ។ កងរាជអាវុធហត្ថ នឹងអនុវត្តច្បាប់ ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ៕

To Top