ភ្នំពេញ៖ លោកបណ្ឌិតប្រតិភូ កៅ ថាច ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងតំណាងធនាគារ អេស៊ីលីដា បានធ្វើសិក្ខាសាលាផ្សព្វផ្សាយរួមគ្នា អំពីគម្រោងហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាល (ដំណាក់កាលទី២) គាំទ្រការពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វវារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម និងហិរញ្ញប្បទានគាំទ្រ ខ្សែច្រវាក់ផលិតកម្ម ស្វាយ ស្វាយចន្ទី និងមៀនប៉ៃលិន(កម្មវិធីហិរញ្ញប្បទានពិសេស ៤+៣) ដល់ប្រជាកសិករ សហគមន៍កសិកម្ម សហគ្រាសកែច្នៃ និងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ក្នុងខេត្តកំពង់ចាម ។

កម្មវិធីខាងលើនេះ ប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមពី អភិបាលខេត្តកំពង់ចាម, អភិបាលរង, ប្រធានមន្ទីរកសិកម្ម, ប្រធានមន្ទីរពាណិជ្ជកម្ម, ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ, ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ និងថ្នាក់គ្រប់គ្រងខេត្តកំពង់ចាមផងដែរ ។
ក្នុងសិក្ខាសាលានេះ លោកប្រតិភូរាជរដ្ឋាភិបាល បានលើកទឹកចិត្ត ឱ្យប្រជាកសិករខេត្តកំពង់ចាម យកចិត្តទុកដាក់ក្នុងការផលិត ការកែច្នៃផលិតផលកសិកម្ម (ជាពិសេសដំណាំស្វាយ) រៀបចំផែនការផលិតផល ដោយប្រុងប្រយ័ត្ន និងការសិក្សាអំពីស្ថានភាពទីផ្សារ។
ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលនេះ ប្រជាកសិករ សហគមន៍កសិកម្ម និងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម កសិកម្ម អាចទទួលបាន ហិរញ្ញប្បទានតារយៈ ធនាគារ ARDB និង ធនាគារ ACLEDA។
បន្ទាប់ពីសិក្ខាសាលាផ្សព្វផ្សាយហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលនេះ, លោកបណ្ឌិតប្រតិភូ ក៏បានអញ្ជើញចុះពិនិត្យផ្ទាល់ដល់ទីតាំងសិប្បកម្មឡសម្ងួត ពោត ក្រហម៕






