ព័ត៌មានជាតិ

លោក បណ្ឌិត កៅ ថាច បន្តចុះពិនិត្យខ្សែសង្វាក់ផលិតកម្ម នៅស្រុកស្នួល ,ស្រុកសៀមបូក និងក្រុងស្ទឹងត្រែង

ភ្នំពេញ៖ លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២ បានបន្តចុះពិនិត្យខ្សែសង្វាក់ផលិតកម្មដំណាំចេកអំបូង របស់ក្រុមហ៊ុន THAGRICO ស្ថិតនៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលបានដាំដុះលើផ្ទៃដី ២ ៣០០ ហិចតា និងមានហេដ្ឋារចនាសម្ព័ន្ធ លាងសម្អាត វិចខ្ចប់ ចំនួន៧កន្លែង ដើម្បីនាំចេញទៅប្រទេសចិន ក្រោមកម្មវិធីចុះផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរាជរដ្ឋាភិបាលដំណាក់កាលទី២។

នារសៀលថ្ងៃទី ២៦ដដែល លោកបណ្ឌិត កៅ ថាច បានបន្តចុះពិនិត្យខ្សែសង្វាក់ផលិតកម្មដំណាំម្នាស់ទឹកឃ្មុំ រួមមានការដាំដុះម្នាស់ និងការកែច្នៃជាទឹកម្នាស់ ស្ថិតនៅភូមិអូរឬស្សីកណ្តាល ឃុំអូឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែងដែលបាន ដាំដុះលើផ្ទៃដីសរុប ១០ ហិចតា។

លោកបណ្ឌិតក៏បានបន្តចុះពិនិត្យអាជីវកម្មចិញ្ចឹមគោចំនួន៦៨ ក្បាល និង ក្របីចំនួន៤២ក្បាល របស់អតិថិជន ស្ថិតនៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលបានទទួលឥណទាន ក្រោមហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដំណាក់កាលទី១ គាំទ្រដល់ការពង្រីកការដាំដុះបន្លែ ផ្លែឈើ ការចញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម៕

To Top