ព័ត៌មានជាតិ

ចាប់ខ្លួនអតីតមន្ត្រីនគរបាលម្នាក់ ពាក់ព័ន្ធករណី កាប់គាស់រុករានឆ្ការដីព្រៃជិត៤៨ ហិកតា ធ្វើជាកម្មសិទ្ធិរបស់ខ្លួន នៅខេត្តកោះកុង

ខេត្តកោះកុង ៖ សមត្ថកិច្ចនគរបាលខេត្តកោះកុង កាលពីថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២២ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលជាអតីតមន្ត្រីនគរបាលចូលនិវត្តន៍ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកោះកុង ជាប់ពាក់ព័ន្ធនឹងការកាប់គាស់រុករានឆ្ការដីព្រៃ និងរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ដោយខុសច្បាប់ ដើម្បីធ្វើជាកម្មសិទ្ធិរបស់ខ្លួន ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០២១ នៅឃុំកាពិ ស្រុកកោះកុង ខេត្តកោះកុង។

យោងតាមដីការបស់តុលាការខេត្តកោះកុងបានឲ្យដឹងថា ជនសង្ស័យរូបនេះ មាន ឈ្មោះ សំ សុជាតិ ភេទប្រុស អាយុ៦៤ឆ្នាំ មានទីលំនៅភូមិស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។

ជនសង្ស័យ ត្រូវបានជាប់ចោទពីបទ: កាប់គាស់រុករានដីព្រៃ ឆ្ការដើម្បីយកធ្វើជាកម្មសិទ្ធិ និងរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ ប្រព្រឹត្តនៅចំណុចភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកោះកុង ។

ឥឡូវនេះ, ជនសង្ស័យ ត្រូវបាននៅបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បី កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ចាត់ការតាម ផ្លូវច្បាប់ ៕

ដោយ: លីហ្សា

To Top