ព័ត៌មានជាតិ

ប្រធានគណៈបក្សប្រជាជនខេត្តកំពង់ចាម ៖ តួរអង្គ៤ ដើរតួនាទីយ៉ាងសំខាន់ ដើម្បីឈ្នះសម្លេងឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខ

កំពង់ចាម ៖ ក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះ បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី ៥ ឆ្នាំ ២០២២ នៅស្នាក់ការគណបក្សប្រជាជនស្រុកជើងព្រៃ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២នេះ ប្រធានគណៈបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ដើម្បីឈ្នះសម្លេងឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ គឺមានតួរអង្គ៤ ដើរតួនាទីយ៉ាងសំខាន់ ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា តួអង្គសំខាន់ ចំនួន៤ ដែលនាំឱ្យឈ្នះលើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងនោះ រួមមាន ៖

តួរអង្គ ទី១ ៖ បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវធ្វើអំពើល្អ ដោយធ្វើការងារបម្រើប្រជាពលរដ្ឋអោយបានល្អក្នុងមូលដ្ឋានរបស់ខ្លួន។

តួរអង្គទី២ ៖ គឺប្រធានភូមិ អនុប្រធានភូមិ ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដោយប្រើកាយវិការ និងពាក្យសម្ដីឲ្យបានសមរម្យ ក្នុងពេលចុះបំពេញការងារបំរើសេវាជូនប្រជាពលរដ្ឋ ។

តួរអង្គទី៣ ៖ គឺនាយ នាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍ ឬខិតខំបំពេញការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានរបស់ខ្លួន កុំឲ្យមានអំពើចោរកម្ម កុំឲ្យមានល្បែងស៊ីសង កុំឲ្យមានបទល្មើសគ្រឿងញៀនជាដើម ពោលគឺអនុវត្តឱ្យបានគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ១២ចំនុច ។

តួរអង្គទី៤ ៖ គឺក្រុមការងារចុះជួយភូមិ ឃុំ សង្កាត់ គឺជាតួអង្គសំខាន់បំផុតជាអ្នកផ្ដល់គំនិត និងគោលការណ៍ សម្រាប់ការអនុវត្តនៅក្នុងមូលដ្ឋាន ជាពិសេសការឧបត្ថម្ភសម្ភារៈថវិកា មធ្យោបាយ ដល់ក្រុមការងារមូលដ្ឋាន ដើម្បីអនុវត្តការងារ ។

ជាមួយគ្នានោះដែរ លោកប្រធានគណបក្សខេត្ត ក៏បានស្នើសុំដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងប្រធានសាខាបក្សភូមិ និងមន្ត្រីគណបក្សពាក់ព័ន្ធទាំងអស់ ត្រូវរក្សាឲ្យបាននូវស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងបានរឹងមាំ ក្នុងការអនុវត្តផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឲ្យទទួលបានជោគជ័យ ៕

To Top