ព័ត៌មានជាតិ

រដ្ឋាភិបាលជប៉ុន ផ្ដល់គ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២២ ជូនលោកបណ្ឌិត អាំង ជូលាន

ភ្នំពេញ៖ លោកបណ្ឌិត អាំង ជូលាន ជានរវិទូ និងសាស្រ្តាចារ្យនៃសកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ នឹងទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២២ “The Order of the Rising Sun, Gold Rays with Neck Ribbon” ។ ពិធីប្រគល់គ្រឿងឥស្សរិយយស នឹងរៀបចំឡើងក្នុងពេលឆាប់ៗខាងមុខនេះ ។

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ទីស្តីការគណៈរដ្ឋមន្រ្តីនៃ រដ្ឋាភិបាលជប៉ុនបានប្រកាសឈ្មោះអ្នក ដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២២ ផ្ដល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់ការចូលរួមចំណែក របស់បុគ្គលទាំងនោះ ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធផលដ៏លេចធ្លោរបស់បុគ្គលទាំងនោះ ក្នុងវិស័យរៀងៗខ្លួន នៅក្នុងសង្គម ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៩ មេសានេះ បានឱ្យដឹងថា ការផ្តល់គ្រឿងឥស្សរិយយសដល់លោកបណ្ឌិត អាំង ជូលាន គឺជាការទទួលស្គាល់ការចូលរួម វិភាគទានរបស់លោក ក្នុងកិច្ចការជំរុញការផ្លាស់ប្តូរ ផ្នែកសិក្សាស្រាវជ្រាវ និងការយល់ដឹងពីគ្នាទៅវិញទៅមក រវាងប្រទេសជប៉ុន និងកម្ពុជា។

ចំណែកក្នុងវិស័យអភិរក្ស និងការជួសជុលទីតាំងបុរាណវិទ្យានានា លោកបណ្ឌិត អាំង ជូលាន ក៏បានចូលរួម និងគាំទ្រយ៉ាងពេញទំហឹងជាមួយអ្នកស្រាវជ្រាវ ព្រមទាំងអង្គការពាក់ព័ន្ធរបស់ជប៉ុន។ ក្នុងន័យនេះលោកបណ្ឌិត បានជម្រុញដល់ប្រតិបត្តិការ ក្នុងគម្រោងនានាពាក់ព័ន្ធការអភិរក្ស និងជួសជុលប្រព្រឹត្តិទៅយ៉ាងរលូន និងចូលរួមចំណែកពង្រឹងវត្តមាន របស់ប្រទេសជប៉ុនក្នុងកិច្ចការទាំងនេះ ។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏សូមចូលរួមអបអរសាទរយ៉ាងក្រៃលែង ចំពោះការទទួលស្គាល់ដល់ការចូលរួមចំណែក របស់លោកបណ្ឌិត អាំង ជូលាន ក្នុងកិច្ចការសាធារណៈ និងសមិទ្ធិផលដ៏លេចធ្លោក្នុងកិច្ចការស្រាវជ្រាវ ព្រមទាំងវិស័យអភិរក្ស និងជួសជុលទីតាំងបុរាណវិទ្យានានា ៕

To Top