ព័ត៌មានជាតិ

អង់គ្លេស នឹងផ្តល់ជំនួយ លើការអនុវត្តគម្រោង ការពារតំបន់ ទេសភាពជីវៈចម្រុះ ទន្លេមេគង្គ ក្រោម របស់កម្ពុជា

ភ្នំពេញ៖ លោកស្រី Tina Redshew ឯកអគ្គរាជទូត អង់គ្លេស ប្រចាំកម្ពុជា បានអះអាងថា មូលនិធិការពារតំបន់ ទេសចរណ៍ជីវៈចម្រុះ BLF នៃចក្រភពអង់គ្លេស នឹងផ្តល់ជំនួយជាថវិកា ប្រមាណជាង ១០០លានដុល្លារ ដើម្បីអនុវត្តគម្រោងការពារ និងអភិវឌ្ឍន៍ តំបន់ទេសភាពចំនួន ៦កន្លែង លើពិភពលោក ក្នុងនោះក៏មានតំបន់ទេសភាពជីវៈចម្រុះ ទន្លេមេគង្គក្រោម របស់ប្រទេសកម្ពុជា មួយផងដែរ ។

ក្នុងជំនួបជាមួយប្រតិភូ មូលនិធិការពារ តំបន់ទេសភាពជីវៈចម្រុះ (BLF) ដឹកនាំដោយលោកស្រី Tina Redshew និងលោក Robbie Celriog Hughes ប្រធានក្រុមកម្មវិធីមូលនីធិ ការពារតំបន់ទេសភាពជីវៈចម្រុះ កាលពីថ្ងៃទី២៨ មេសា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា រាជរដ្ឋាភិបាល មានគោលនយោបាយ ជម្រុញការអភិវឌ្ឍវិស័យអេកូទេសចរណ៍កម្ពុជា ដោយផ្តោតការគិតគូរខ្លាំង អំពីវិស័យបរិស្ថាន ទេសចរណ៍ ការពារធនធានធម្មជាតិ បម្រែបម្រួលអាកាសធាតុ ខណៈក្នុងវិបត្តិកូវីដ១៩កន្លងមកនេះ តំបន់អេកូទេសចរណ៍ សហគមន៏ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេង ជាតំបន់ដែលមានហានិភ័យតិច និងបានដើរតួនាទីដ៏សំខាន់ ទាក់ទាញទេសចរជាតិ អន្តរជាតិទៅទស្សនាច្រើន និងបានផ្តល់ប្រភពចំណូល ច្រើនជូនសហគមន៍ផងដែរ ។

លោករដ្ឋមន្ត្រី បន្ថែមថា នៅក្នុងដំណើរការរៀបចំចងក្រងសហគមន៍ អេកូទេសចរណ៍ ដែលទទួលបានជោគជ័យកន្លងមកដូចជា តំបន់អេកូទេសចរណ៍ នៅជីផាតអារ៉ែង និងសហគមន៍ទេសចរណ៍ ធម្មជាតិដទៃទៀត ជាច្រើន និងបានប្រែក្លាយមុខរបរប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ពីការកាប់ព្រៃ បរបាញ់ សត្វជាដើម ទៅជាការរួមគ្នា ថែរក្សាធនធានធម្មជាតិ ព្រៃឈើ ការពារសត្វព្រៃ បំរើការងារក្នុងវិស័យ ទេសចរណ៍ និងការទាក់ទាញភ្ញៀវ ទេសចរជាតិ អន្តរជាតិ ទៅទស្សនាកម្សាន្តវិញ ។ ប្រជាពលរដ្ឋសហគមន៍ពេញ ចិត្តនឹងការងារបញ្ចូល សកម្មភាពទេសចរណ៍ ដែលមានការទទួលខុសត្រូវ ក្នុងសហគមន៍ ដែលអាចធ្វើ ឱ្យពួកគាត់បានទទួលចំណូល ច្រើនជាងកាលពួកគាត់បរបាញ់សត្វ និងកាប់ព្រៃ ដោយមិនចាំបាច់ធ្វើចំណាកស្រុក។

ពាក់ព័ន្ធជាមួយនឹង គោលក្នុងការ ជម្រុញអភិវឌ្ឍន៍វិស័យទេសចរណ៍ ជាមួយនឹងការប្រែប្រួលអាកាសធាតុ និងតួនាទី នៃវិស័យអេកូទេសចរណ៍ ដែលជាអនុវិស័យ ទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ដែរថា ទេសចរណ៍កម្ពុជា គឺបានផ្តោតសំខាន់លើទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលត្រូវបានអភិវឌ្ឍន៍លើគោលការណ៍និរន្តភាព ហើយឆ្លើយតបនឹង បម្រែបម្រួលអាកាសធាតុ កាត់បន្ថយភាពក្រីក្រ ។ រដ្ឋាភិបាលក៏បានបង្កើតគណកម្មាធិការជាតិ គ្រប់គ្រងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងបង្កើត គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ដើម្បីជម្រុញពលរដ្ឋ និងទេសចរចូលរួមការពារ បរិស្ថាន អនាម័យស្អាត និងការបម្រែបម្រួល អាកាសធាតុផងដែរ។

ជាមួយគ្នានោះដែរលោកស្រី Tina Redshew បានអះអាងថា «មូលនិធិការពារតំបន់ទេសចរណ៍ជីវៈចម្រុះ BLF នៃចក្រភពអង់គ្លេសនឹងផ្តល់ជំនួយជាថវិកា ប្រមាណជាង ១០០លានដុល្លារ ដើម្បីអនុវត្តគម្រោងការពារ និងអភិវឌ្ឍន៍ តំបន់ទេសភាពចំនួន ៦កន្លែងលើពិភពលោក ក្នុងនោះគឺមានតំបន់ ទេសភាពជីវៈចម្រុះ ទន្លេមេគង្គក្រោម របស់ប្រទេសកម្ពុជាមួយផងដែរ» ។

បើតាមលោក ជុក ជំនោរ ប្រធាន នាយកដ្ឋានអភិវឌ្ឍន៍ ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ បានឱ្យដឹងដែរ ថា មូលនីធិ BLF អាចនឹងផ្តល់អាទិភាព អនុវត្តគម្រោងអភិវឌ្ឍន៍ តំបន់ទេសភាពទន្លេមេគង្គក្រោមកម្ពុជា ចាប់ពីខេត្តកំពង់ចាម ខេត្តកណ្តាល រហូតដល់ខេត្តព្រៃវែង តភា្ជប់ទៅភាគត្បូងវៀតណាម តែចំពោះគម្រោង ជាក់ស្តែងអនុវត្ត យ៉ាងណានោះ នឹងបង្ហាញឱ្យដឹងនៅក្នុងអំឡុង ខែមិថុនាខាងមុខនេះផងដែរ ៕

To Top