ព័ត៌មានជាតិ

រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម រំពឹងទុកថា បេក្ខជនឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុកព្រៃឈរ និងខិតខំធ្វើការងារ ដើម្បីសម្រេចបានលទ្ធផលល្អ ជូនគណបក្សប្រជាជនកម្ពុជា

កំពង់ចាម ៖ លោក ឃឹម សិរីវង្ស រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជា អនុប្រធានក្រុមការងារ ថ្នាក់កណ្ដាលគណបក្ស ប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃឈរ បានរំពឹងទុកថា ក្រុមប្រឹក្សាឃុំ និងបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកព្រៃឈរ និងខិតខំប្រឹងប្រែងធ្វើការងារអស់ពីលទ្ធភាព ដើម្បីសម្រេចបានលទ្ធផលល្អ ជូនគណបក្សប្រជាជនកម្ពុជា។

លោក ឃឹម សិរីវង្ស បានលើកឡើង ដូច្នោះនៅព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២២ ខណ:ដែលលោក និង លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះ សំណាល ជាមួយក្រុមប្រឹក្សាឃុំ និងបេក្ខជនឈរឈ្មោះ បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកព្រៃឈរ ។

លោក ឃឹម សិរីវង្ស បានមានប្រសាសន៍ទៀតថា នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់លើកនេះ ការចូលរួមរបស់សមាជិក សមាជិកា គណៈកម្មការគណបក្ស ប្រជាជនកម្ពុជា ក្នុងស្រុកព្រៃឈរ នឹងបង្ហាញអំពីលទ្ធផល នៃភាពឈ្នះ ពីការគាំទ្រ របស់ប្រជាពលរដ្ឋ ក៏ដូចជាការបង្ហាញ អំពីកម្រិតលទ្ធផល ដែលទទួលបានពីបណ្តាឃុំ សង្កាត់ នូវជំនឿជឿជាក់ របស់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ក៏ដូចជាស្មារតីស្រឡាញ់ និងគោរព និងជឿទុកចិត្តលើការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផងដែរ ។

ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានយកឱកាសនោះ ណែនាំបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យត្រូវធ្វើអំពើល្អ ដោយធ្វើការងារបម្រើប្រជាពលរដ្ឋ អោយបានល្អ ក្នុងមូលដ្ឋានរបស់ខ្លួន ។ ចំពោះ ប្រធានភូមិ អនុប្រធានភូមិ ត្រូវខិតខំធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ ដោយប្រើកាយវិការ និងពាក្យសម្ដីឲ្យបានសមរម្យ ក្នុងពេលចុះបំពេញការងារ បំរើសេវាជូនប្រជាពលរដ្ឋ។

រីឯនាយ នាយរងប៉ុស្តិ៍ និងមន្ត្រី ត្រូវខិតខំបំពេញការងារ កិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ឲ្យបានល្អ នៅក្នុងមូលដ្ឋាន របស់ខ្លួន កុំឲ្យមានអំពើចោរកម្ម ល្បែងស៊ីសង និងបទល្មើសគ្រឿងញៀន ជាដើម ពោលគឺអនុវត្តឱ្យបាន គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង ១២ចំនុច ។

លោក អ៊ុន ចាន់ដា ក៏បានស្នើសុំដល់បេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងប្រធានសាខាបក្សភូមិ និងមន្ត្រីគណបក្សពាក់ ព័ន្ធទាំងអស់ ត្រូវរក្សាឲ្យបាននូវស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុង ឲ្យបានរឹងមាំ ក្នុងការអនុវត្តផែនការ សកម្មភាព ជាក់ស្តែង ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឲ្យទទួលបានជោគជ័យ ៕

To Top