ព័ត៌មានជាតិ

ប្រធានកាកបាទក្រហមកម្ពុជា អំពាវនាវស្ដ្រីមានផ្ទៃពោះ ពិនិត្យសុខភាព តាមកាលកំណត់ របស់គ្រូពេទ្យ

ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ដ្រី និងកុមារ បានអំពាវនាវ ដល់ស្ដ្រីមានផ្ទៃពោះទាំងអស់ ត្រូវទៅពិនិត្យសុខភាពតាមកាលកំណត់របស់គ្រូពេទ្យ ហើយសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក។

តាមសារលិខិតរបស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាឆ្មបជាតិ ៥ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «វិនិយោគលើឆ្មបដើម្បីពង្រឹងការថែទាំសុខភាពបឋម សំដៅឈានទៅដល់ការគ្របដណ្ដប់សុខភាពជាសកល» សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា បើទោះបីជាស្ថានភាពជំងឺកូវីដ-១៩ បានដាក់សម្ពាធមកលើសុខភាពសាធារណៈ និងប្រព័ន្ធសុខាភិបាលក៏ដោយ ក៏ប្រព័ន្ធផ្តល់សេវាថែទាំសុខភាព នៅបន្តដំណើរការជាប្រចាំ នៅទូទាំងប្រទេស និងសម្រេចបានលទ្ធផលទៅតាមគោលដៅ ដូចជា៖ អត្រាមរណភាពមាតា បានបន្តធ្លាក់ចុះពី១៧០ ក្នុងទារកកើតរស់ ១០០.០០០នាក់ នៅឆ្នាំ២០១៤ មកនៅត្រឹម ១៤១ ក្នុងទារកកើតរស់ ១០០.០០០នាក់ នៅឆ្នាំ២០១៩។

សម្ដេចបន្ដថា ជាមួយគ្នានេះ អត្រានៃការសម្រាលកូន ដោយបុគ្គលិកសុខាភិបាលជំនាញបានកើនពី៨៥% នៅឆ្នាំ២០១៦ ទៅដល់ ៨៩% នៅឆ្នាំ២០២០។ រីឯអត្រានៃការសម្រាលកូន នៅមូលដ្ឋានសុខាភិបាល ក៏បានកើនពី ៨០% ទៅ ៨៩% នៅក្នុងអំឡុងពេលដូចគ្នានេះ។

សម្ដេចមានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ សូមទៅពិនិត្យសុខភាព តាមកាលកំណត់របស់គ្រូពេទ្យ សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ត្រូវពិនិត្យតាមដានសុខភាព ក្រោយសម្រាល និងយកទារកទៅចាក់ថ្នាំបង្ការ១១មុខ តាមកាលកំណត់ និងយកកូនទៅមន្ទីរពេទ្យជិតបំផុត ឲ្យបានឆាប់នៅពេលទារកឬកូនតូចគ្រុនក្ដៅ ឬមានអាការៈខុសប្រក្រតី ឬពិបាកដកដង្ហើម»។

លើសពីនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្ដរជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍនានា ដែលបាននិងកំពុងគាំទ្រដល់ការងារឆ្មប។ សម្ដេចសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តបង្កើនលទ្ធភាព វិនិយោគថែមទៀត ដើម្បីសម្រេចបានគោលដៅ អភិវឌ្ឍមានចីរភាពឆ្នាំ២០៣០ ៕

To Top