ព័ត៌មានជាតិ

កំពង់ផែពហុបំណងនៅកំពត បម្រើឲ្យវិស័យដឹកជញ្ជូន ទូទាំងពិភពលោក មិនមែនសម្រាប់ចិនមួយទេ

ភ្នំពេញ៖ ខណៈកំពុងរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ កំពង់ផែពហុបំណងនៅភូមិចង្អោន ឃុំព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត លើផ្ទៃដីប្រមាណជា៦០០ហិកតា ចាយលុយអស់១៥០០លានដុល្លារ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា កំពង់ផែពហុបំណងនេះ គឺបម្រើឲ្យវិស័យដឹកជញ្ជូនទូទាំងពិភពលោក មិនមែនសម្រាប់តែចិនមួយនោះទេ សូមមតិសាធារណជនមួយចំនួនកុំយល់ច្រឡំ ។

លោក ស៊ុន ចាន់ថុល បានឲ្យដឹងទៀតថា គម្រោងសាងសង់កំពង់ផែពហុបំណង គឺសិក្សាដោយក្រុមហ៊ុនចិន ព្រោះបទពិសោធន៍ខ្ពស់ក្នុងការសាងសង់កំពង់ផែ និងផ្លូវថ្នូរ នៅកម្ពុជា។ លោកបញ្ជាក់ថា «កំពង់ផែពហុបំណង គឺជាផែឯកជនសុទ្ធសាធ បម្រើដល់ការដឹកទំនិញនាំចេញ-នាំចូល ទូទាំងពិភពលោក មិនមែនដឹកទំនិញនាំចេញ-នាំចូល ទៅតែចិនទេ។ ដោយសារតែអ្នកសិក្សាគម្រោងនេះ ជាក្រុមហ៊ុនចិនដែលគាត់មានបទពិសោធន៍ ក្នុងការសាងសង់កំពង់ផែ ហើយគាត់ក៏មានការងារនៅកម្ពុជាយើង»។

សូមបញ្ជាក់ថា ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ឯ.ក បានទទួលបានគោលការណ៍ អនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នៅលើដីឯកជនរបស់ ក្រុមហ៊ុនដែលមានទំហំសរុប ៦០០ហិកតា គ្រោងប្រើទុនវិនិយោគសរុបប្រមាណ ១,៥០០លានដុល្លារ អនុវត្តជា៣ដំណាក់កាល។

មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកដាក់ ផ្ទេរ ទំនិញចេញ-ចូលទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងនាំមកនូវភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ដល់ពាណិជ្ជករ និងអ្នកវិនិយោគ ក្នុងការនាំចេញផលិតផលកសិកម្ម ឧស្សាហកម្ម និងនេសាទ ទៅលក់នៅទីផ្សារក្នុងតំបន់ និងពិភពលោក ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍន៍វិស័យភស្តុភារកម្ម និងកំពង់ផែនៅកម្ពុជា សំដៅជួយលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជន និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ រួមចំណែកជំរុញសម្រេចគោលដៅ «ប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០» ៕

To Top