ភ្នំពេញ ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និងលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួល ជំនួយមនុស្សធម៌របស់អាស៊ាន នាព្រឹកថ្ងៃទី៦ ឧសភានេះ បាននិងកំពុងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៥ ឧសភា បានឲ្យដឹងថា កិច្ចប្រជុំពិគ្រោះយោបល់ នឹងត្រូវបានអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដោយតំណាងមន្រ្តីជាន់ខ្ពស់មកពីប្រទេសជាសមាជិកអាស៊ានទាំងអស់ ដៃគូខាងក្រៅរបស់អាស៊ាន ទីភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ និងបណ្តាអង្គការអន្តរជាតិពាក់ព័ន្ធ នៅមីយ៉ាន់ម៉ាផងដែរ។

កិច្ចប្រជុំពិគ្រោះយោបល់នេះ នឹងផ្តល់ជាវេទិកាកម្រិតខ្ពស់មួយសម្រាប់អាស៊ាន ធ្វើការពិភាក្សាផ្តួចផ្តើមឲ្យមានកិច្ចសន្ទនាមួយ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីផ្តល់មគ្គុទេ្ទសក៍អំពីរបៀបក្នុងការជំរុញជំនួយមនុស្សធម៌ របស់អាស៊ានឲ្យទៅដល់ប្រជាជនមីយ៉ាន់ម៉ាដែលកំពុងត្រូវការបំផុត ដោយឈរលើគោលការណ៍មនុស្សធម៌ និងគ្មានការរើសអើង។

កិច្ចប្រជុំពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណង ពិភាក្សាស្វែងរកដំណោះស្រាយដែលមានការព្រមព្រៀងគ្នា ទៅវិញទៅមកលើវិធីសាស្រ្ត ក្នុងការពង្រឹងបន្ថែមផ្តល់ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា ដើម្បីធានាបានថានឹងពុំមាននរណាម្នាក់ ត្រូវបានទុកចោលនោះទេ, ដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិការរបស់មជ្ឈមណ្ឌល សម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre), និងវិធីសាស្រ្តនានាដែលជួយគាំទ្រ ទៅដល់ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅដល់សហគមន៍នានានៅមីយ៉ាន់ម៉ា ៕
