ព័ត៌មានជាតិ

សម្ដេចតេជោ ៖ បើល្អបានទទួល អាក្រក់ទម្លាក់កំហុស ទៅអ្នកដទៃនោះ ប្រទេសជាតិ នឹងមិនរីកចំរើន (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅកាន់ក្រុមវិភាគបណ្តាញសង្គម ថាប្រទេសជាតិ នឹងមិនរីកចំរើននោះទេ បើល្អបានទទួល ហើយអាក្រក់ទម្លាក់ កំហុសទៅអ្នកដទៃ ។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន ចង់សំដៅលើការវិភាគបែប តិះទាននិងលើកជើង លើការដឹកនាំ របស់បុគ្គលនយោបាយ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាមន្រ្តីរាជរដ្ឋាភិបាល ។

នៅក្នុងជំនួបសន្ទនា និងទទួលទានអាហារពេលរាត្រី ជាមួយក្រុមវិភាគបណ្តាញសង្គម នៅសហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា នៅរាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅវ៉ាស៊ីនតោន) សម្ដេចតេជោមានប្រសាសន៍ថា «បើទោះបីជាមិនដែលបានជួបមុខគ្នាក៏ពិតមែន ប៉ុន្តែសម្តេចបានស្តាប់នូវរាល់សំឡេងអ្នកវិភាគទាំងអស់ ដើម្បីរូបសម្តេច បានដឹងពីអ្វីដែលជាការចង់បាន ការតិះទាន លើការដឹកនាំរបស់បុគ្គលនយោបាយ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាមន្រ្តីរាជរដ្ឋាភិបាល អ្នកណាធ្វើខុស អ្នកណាល្អ អ្នកណាអាក្រក់ ព្រោះយើងមិនមែនសុទ្ធល្អបានយើងទទួល អាក្រក់ទម្លាក់កំហុស ទៅអ្នកដទៃ នោះប្រទេសជាតិ មិនមានការរីកចំរើននោះទេ»។

ក្នុងជំនួបនោះ សម្តេចតេជោបានសំដែងក្តី នឹករលឹកចំពោះលោក ម៉ក់ ហឺន និងភរិយា ដ៏ដូចជាក្រុមវិភាគ សង្គមទាំងអស់ដែលរស់ នៅសហរដ្ឋអាមេរិក និងដែលបានតាមដានជាប់ជាប្រចាំចំពោះ សភាពការនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍកម្ពុជាឡើងវិញ ពីសម័យកាលមួយ ទៅកាន់សម័យកាលមួយ ពិសេសក្រោយពេលដែលកម្ពុជា បានបញ្ចប់សង្រ្គាមទាំងស្រុង ក្រោមការដាក់ចេញនយោបាយឈ្នះ ឈ្នះ របស់សម្តេច ។

ដោយឡែកនៅចំពោះមុខសម្តេចតេជោលោក ម៉ក់ ហឺននិងភរិយា បានសំដែងភាពក្តុកក្តួល ដោយបានជួបសម្តេចដោយផ្ទាល់ បើទោះបីជារូបសម្តេច មានកម្មវិធីមមាញឹក បែបណាក៏ដោយ។

លោក ម៉ក់ ហឺន ក៏បានវាយតម្លៃខ្ពស់ ពីកម្មវិធីនយោបាយ និង ការដឹកនាំប្រកបដោយ កិត្តិបណ្ឌិតរបស់សម្តេចតេជោ ដែលបានដឹកនាំជោគវាសនា អនាគតកម្ពុជា ឆ្លងកាត់ពីភ្នក់ភ្លើងសង្រ្គាម របបប្រល័យពូជសាសន៍ សង្រ្គាមផ្ទៃក្នុងរហូត កម្ពុជាទទួលបានសុខសន្តិភាព យ៉ាងពេញលេញ ក្រោយការប្រកាសដាក់ចេញនយោបាយឈ្នះ ឈ្នះ ពិសេសការដឹកនាំ និងកសាងកម្ពុជាមានការរីកចំរើន ក្នុងល្បឿនមួយយ៉ាងឆាប់រហ័សបំផុត មិនធ្លាប់មានពីមុនមក ចាប់តាំងពីរូបលោកដឹងក្តី រហូតដល់វ័យចំណាស់ក្នុងពេលបច្ចុប្បន្ននេះ។

បន្ទាប់ពីបញ្ចប់កិច្ចជំនួប សម្តេចក៏បានអញ្ជើញ ចូលរួមក្នុងពិធីទទួលទានអាហារសាមគ្គី ក្នុងលក្ខណៈមហាគ្រួសារខ្មែរ ជាមួយក្រុមវិភាគបណ្តាញសង្គម ដែលមានវត្តមាន ក្នុងពិធីសំណេះសំណាលគ្នានោះ ក្នុងបរិយាកាសស្និទ្ធស្នាល រ៉ាក់ទាក់ និងការគោរពស្រឡាញ់ ដូចក្នុងមហាគ្រួសារខ្មែរតែមួយ ៕

To Top