ព័ត៌មានជាតិ

បុរសម្នាក់ត្រូវជាប់គុក ១០ឆ្នាំ ដោយសារតែសម្លាប់សង្សារ ព្រោះខឹងនាងផ្តាច់ពាក្យ ត្រៀមរៀបការគូថ្មី

ភ្នំពេញ: យុវជនជាប់ចោទម្នាក់ កាលពីព្រឹក ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២២ ត្រូវបាន តុលាការកំពូល ធ្វើការជំនុំជម្រះ លើបណ្តឹងសារទុក្ខរបស់គាត់ ដែលត្រូវបាន តុលាការថ្នាក់ក្រោមផ្តន្ទាទោស គាត់ ដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការវាយ និង រឹតករ សម្លាប់ ស្រ្តីជនរងគ្រោះម្នាក់ ដែលត្រូវ ជាសង្សារខ្លួន ដោយសារតែខឹងនឹងនាង បានភ្ជាប់ពាក្យគូរដណ្ដឹង និង បោះបង់ចោលខ្លួនចោល ប្រព្រឹត្ត នៅ ក្រុមទី ១១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ ២០១៩ ។

លោក គង់ ស្រ៊ីម ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយដឹងថា ជនជាប់ចោទ មាន ឈ្មោះ សួង ភិន ហៅ ធួន ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរជាងសំណង់ ផ្នែក រៀប ឥដ្ឋ មានស្រុក កំណើត ភូមិ ស្វាយ ក្រោម ឃុំ ត្រដេ ស ស្រុក កំពង់ ត្រឡាច ខេត្ដកំពង់ឆ្នាំង។ ចំណែកឯ ជនរងគ្រោះ ឈ្មោះ ឈឺន ចាន់រដ្ឋ ភេទស្រី អាយុ២៩ឆ្នាំ មានស្រុកកំណើតឃុំអង្គរទ្រេត ស្រុកព្រៃវែង ខេត្ដព្រៃវែង និងស្នាក់នៅការដ្ឋានសំណង់ក្រុមទី១១ ភូមិ៣ សង្កាត់៣ក្រុងព្រះ សីហនុ ។

អ្នកទាំង២នាក់ គឺ គូសង្សារនឹងគ្នា។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃ ឧសភា ឆ្នាំ ២០២០ បានផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ សួង ភិន ហៅ ធួន ភេទ ដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ ពីបទ« ឃាតកម្ម » តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ។ តែ គាត់ ប្តឹងឧទ្ធរណ៍។ សាលាឧទ្ធរណ៍ ក៏បានតម្កល់ទណ្ឌរបស់គាត់ ដដែល។ គាត់ ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។

ជនជាប់ចោទឈ្មោះ សួង ភិន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៩ នៅភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តុលាការកំពូលនឹងប្រកាសដីកា ក្នុងសំណុំរឿងនេះ នៅព្រឹកថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២២ ខាងមុនេះ ៕ ដោយៈ លីហ្សា

To Top