ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) ប្រឆាំងកូវីដ-១៩ នៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ។
ការសំណេះសំណាលនេះ ដើម្បីជាការលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែកប្រកបដោយ ការទទួលខុសត្រូវ ដោយមិនខ្លាចនឿយហត់ មិនខ្លាចការឆ្លងជំងឺ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។
សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ ក្រោមការផ្តួចផ្តើមគំនិតផ្ទាល់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដឹកនាំផ្ទាល់ដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងគោលបំណងផ្តល់សេវាព្យាបាល ដល់ប្រជាពលរដ្ឋក្រីក្រនានា ទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ។
ចាប់តាំងពីបង្កើតឡើងមក សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលប្រមូលផ្តុំដោយក្រុមគ្រូពេទ្យគ្រប់ជំនាញ គ្រប់ឯកទេស ទាំងស្ថាប័នរដ្ឋ និងឯកជន បានចូលរួមសកម្មភាពក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមទីជនបទ។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យមកពីសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានព្យាបាលជូនប្រជាពលរដ្ឋក្រីក្រ នៅទូទាំងប្រទេសបានជាង ៣៣ម៉ឺននាក់។ ក្នុងនោះអ្នកជំងឺធ្ងន់ជាង៦ពាន់នាក់ ត្រូវបានបញ្ជូនព្យាបាល នៅរាជធានីភ្នំពេញ និងជាមួយដៃគូសហការនានា។ ក្នុងចំណោមអ្នកជំងឺធ្ងន់នេះ ក៏មានអ្នកជំងឺបេះដូងធ្ងន់ធ្ងរ ៥៦នាក់ផងដែរ ។
ក្នុងពេលដែលកម្ពុជា រងការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ជិត ៨០០នាក់ បានស្ម័គ្រចិត្តចូលរួម ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ដោយឥតរួញរាផងដែរ៕