ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើសុំឲ្យបារាំង ជួយកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មួយកន្លែងទៀតនៅខាងជើង ឆៀងខាងលិចរាជធានីភ្នំពេញ ដើម្បីឲ្យបរិស្ថានទឹកល្អប្រសើរ មុននឹងហូរចូលទៅដងទន្លេសាប។

ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោកហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បាន លើកឡើងថា អង្គការ JICA របស់ជប៉ុន បានជួយកម្ពុជាជាច្រើន ពិសេសនៅរាជធានីភ្នំពេញ ដោយបានកសាងស្ថានីយទឹកកខ្វក់ ជាច្រើនកន្លែង នៅរាជធានីភ្នំពេញ ។
ដោយឡែកនៅខាងជើងភាគខាងលិច រាជធានីភ្នំពេញ មិនទាន់មានស្ថានីយទឹកកខ្វក់ នៅឡើយទេ។ ដូច្នេះលោកអភិបាលរាជធានីភ្នំពេញ បានស្នើសុំឱ្យបារាំង ជួយរាជធានីភ្នំពេញ ក្នុងការកសាងស្ថានីយទឹកកខ្វក់មួយកន្លែងនេះ ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយ បានប្រើប្រាស់។ ទោះបីជួយជា កម្ចីឬក៏ជាជំនួយឥតសំណង ។

បន្ថែមពីនេះ លោក ឃួង ស្រេង ស្នើឱ្យភាគីបារាំង ជួយដោះស្រាយទៅលើ បញ្ហាកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញផងដែរ ដោយសារតែរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍រាល់ថ្ងៃ ។
លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ចំពោះស្ថានទូតបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ និងជួយការពារសន្តិសុខ សណ្ដាប់ធ្នាប់គ្រប់បែបយ៉ាង ហើយបើស្ថានទូតត្រូវការ ឱ្យរដ្ឋបាលរាជធានីភ្នំពេញជួយ រដ្ឋបាលរាជធានីភ្នំពេញ នឹងជួយសម្រួលគ្រប់ការងារ ដែលស្ថានទូតបារាំងត្រូវការ ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានលើកឡើង ពីស្ថានភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដោយបានឆ្លងកាត់របបប៉ុលពត ក្រោយឆ្នាំ១៩៧៩ ប្រទេសជាតិ ស្ថិតនៅចំណុចសូន្យ តែក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសដ៏កំសត់មួយនេះ មានការអភិវឌ្ឍន៍រីកចម្រើន រហូតមកដល់សព្វថ្ងៃនេះ។
លោកហ្សាក់ ប៉ឺឡេ បានសម្តែងនូវការ កោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍រីកចំរើន របស់រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានសំណង់ អគារខ្ពស់ៗ ជាមួយផ្លូវខ្វាត់ខ្វែង ខុសពីឆ្នាំ១៩៩៥ ដាច់ស្រឡះតែម្តង។
លោកទូតបានលើកឡើងថាប្រទេសកម្ពុជា គឺពិតជាមានការមមាញឹកខ្លាំង ចំពោះការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ដោយសារតែជិតដល់ថ្ងៃបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី ០៥ ខែមិថុនា ខាងមុខនេះ ។ ចំណែកប្រទេសបារាំង ក៏ត្រូវបោះឆ្នោតនៅថ្ងៃទី ០៥ ខែមិថុនា ខាងមុខនេះដែរ។ ដូច្នេះ លោក ស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ប្រជាពលរដ្ឋរបស់បារាំង នៅភ្នំពេញ ដែលត្រូវបោះឆ្នោត។

លោកហ្សាក់ ប៉ឺឡេ ក៏បានស្នើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការអភិរក្សនូវបេតិកភណ្ឌ ចាស់ៗ ដែលនៅសេសសល់ ព្រោះវាជាការទាក់ទាញភ្ញៀវជាតិអន្តរជាតិ អោយមកដើរលេងកំសាន្ត នៅរាជធានីភ្នំពេញ ។ បន្ថែមពីនេះលោក បានលើកឡើង ពីគម្រោងសិក្សាកសាងនៅផ្លូវរថភ្លើងល្បឿនលឿន នៅភ្នំពេញ ក្រោយពីសិក្សារួច រយៈពេល១០ឆ្នាំហើយ៕





