ព័ត៌មានជាតិ

របៀបវារៈសំខាន់ៗចំនួន៥ ត្រូវបានលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន នៅឥណ្ឌូនេស៊ី

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំពិសេស ថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (ASEAN ECONOMIC MINISTERS’ SPECIAL MEETING 2022) នាទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី មានរបៀបវារៈសំខាន់ចំនួន៥ និងបញ្ហាផ្សេងៗមួយចំនួនទៀត ត្រូវបានអង្គប្រជុំលើកយកមកពិភាក្សា។

ក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM Chair) ក្នុងឆ្នាំ២០២២ និងមានការចូលរួមដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងគណៈប្រតិភូមកពីប្រទេសសមាជិកទាំងអស់ អគ្គលេខាធិការអាស៊ាន ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

កិច្ចប្រជុំបានកត់សម្គាល់ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ មួយចំនួន រួមមាន៖
១) ស្ថានភាពសេដ្ឋកិច្ចសកល
២) បច្ចុប្បន្នភាពនៃការអនុវត្តកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP)
៣) ការត្រៀមរបស់អាស៊ាន សម្រាប់សន្និសីទរដ្ឋមន្ត្រីលើកទី១២ នៃអង្គការពាណិជ្ជកម្មពិភពលោក
៤) វិធានការនានា ផ្នែកបរិស្ថាននិងបម្រែបម្រួលអាកាសធាតុ ដែលពាក់ព័ន្ធនឹងវិស័យ ពាណិជ្ជកម្ម
៥) គំនិតផ្តួចផ្តើមក្នុងទម្រង់ ជាគម្រោងអាស៊ាន
៦)បញ្ហាផ្សេងៗទៀត។

លោករដ្ឋមន្រ្តីបន្តថា កិច្ចប្រជុំពិសេសនេះ មានមានគោលបំណង ដើម្បីពិភាក្សានិងផ្តោះប្តូរមតិយោបល់ រវាងប្រទេសសមាជិកអាស៊ាននីមួយៗ អំពីបញ្ហាតំបន់ និងសាកលថ្មីៗ ដែលកំពុងជះឥទ្ធិពល ដោយផ្ទាល់ឬប្រយោល មកលើតំបន់អាស៊ាន ជាពិសេសក្នុងអំឡុងពេល ដែលអាស៊ានកំពុងខិតខំ ប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ។

កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តទៅស្របពេល ដែលស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ១៩ បានថមថយចុះ និងមានការលើកលែង ការរឹតត្បិតចំពោះការធ្វើដំណើរ នៅតាមបណ្តាប្រទេសអាស៊ាន។

លោករដ្ឋមន្រ្តីបញ្ជាក់ថា ជាការកត់សម្គាល់ សមាជិកអង្គប្រជុំទាំងអស់ បានចូលរួមយ៉ាងសកម្ម ក្នុងការផ្លាស់ប្តូរទស្សនៈ មតិយោបល់ និងការពិភាក្សា ទៅលើរបៀបវារៈនីមួយៗ ដែលធ្វើឱ្យកិច្ចប្រជុំនេះ បញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កា គួរឱ្យកត់សម្គាល់៕

To Top