ព័ត៌មានជាតិ

ព្រះរាជ ពិធីបុណ្យ ច្រត់ព្រះនង្គ័ល ជាការដាស់តឿន ដល់ពលរដ្ឋខ្មែរថា រដូវធ្វើស្រែចំការ ចូលមកដល់ហើយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថាព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល ក៏ជាការដាស់តឿន ក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរឲ្យដឹងថា រដូវធ្វើស្រែចំការ បានចូលមកដល់ហើយ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល ដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងខែពិសាខ។

សម្ដេចតេជោ បន្ដថា ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។ សម្ដេច ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើង ក្នុងគោលបំណងផ្សងមើលប្រផ្នូល របស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។

សម្ដេចតេជោ បញ្ជាក់ថា «ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឲ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា»៕

To Top