ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍គណកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានរៀបចំទិវាជាតិ នៃការចងចាំ ២០ឧសភា ដោយរាប់បាតប្រគេនចង្ហាន់ ព្រះសង្ឃចំនួន២០៧អង្គ ដើម្បីបង្សុកូលឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជនស្លូតត្រង់ដែលបានស្លាប់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុលពត (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។
ការរៀបចំទិវាជាតិ នៃការចងចាំ ២០ឧសភា ធ្វើឡើងនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ នាព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២២ មានការចូលរួម ពីលោក ស៊ីម កា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងលោកស្រី, លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនជនកម្ពុជា រាជធានីភ្នំពេញ និងលោកស្រី, លោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ រួមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋជាង៦០០០នាក់។
២០ឧសភា បានក្លាយជាថ្ងៃកាន់មរណៈទុក្ខ ដែលប្រជាជនកម្ពុជា បានចារឹកជាប់ក្នុងបេះដូង មិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ខ្នង របស់ពួកប្រល័យពូជសាសន៍ ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជា អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ និងបានកាប់សម្លាប់ប្រជាជនកម្ពុជា អស់ជាង៣លាននាក់។ ពិធីរាប់បាតឧទ្ទិសកុសល ដល់ជនរងគ្រោះ ថ្ងៃ២០ឧសភា បានអាក់ខាន២ឆ្នាំមកហើយ ដោយសារវិបត្តិ នៃការរីករាលដាលជំងឺកូវីដ១៩។ ក្រុមមន្ត្រី និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានដាក់កំរងផ្កា ដោយសំរួមកាយវាចារចិត្ត នៅចំពោះមុខស្តូប តម្កល់អដ្ឋិធាតុជនរងគ្រោះ ប្រមាណ ៨.៩៨៥នាក់ ដែលត្រូវបានគាស់ចេញពីរណ្តៅសព រួមចំនួន៨៦រណ្តៅ ដែលត្រូវពួកឃាតករអាវខ្មៅ យកមកសម្លាប់ នៅជើងឯកនេះ ដោយយកចេញពីគុកទួលស្លែង កណ្តាលក្រុងភ្នំពេញ ហើយសូម ឧទ្ទិសកុសល ដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ជិត១ម៉ឺននាក់ សូមទៅសោយសុខ ក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃ២០ឧសភា ក៏ជាសាររំលឹកទៅដល់កូន ខ្មែរគ្រប់រូប ក៏ដូចមនុស្សជាតិលើសាកលលោក កុំភ្លេចរបបប្រល័យពូជសាសន៍ដ៏សាហាវឃោឃៅ និងគួរឲ្យស្អប់ខ្ពើមនេះ។ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ បានដឹកនាំធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍នេះ កើតឡើងជាលើកទី២ នៅលើទឹកដីអង្គរនៃយើង និងរួមគ្នាថែរក្សាសុខសន្តិភាព ដែលរាជរដ្ឋាភិបាល ខំប្រឹងរកបានដោយលំបា នេះឲ្យបានស្ថិតស្ថេរគង់វង់ ក៏ដូចជារួមគ្នាទប់ស្កាត់ ឲ្យបាននូវរាល់ឧបាយកល របស់ពួកអគតិដែលមានបំណងនាំកម្ពុជា ធ្លាក់ក្នុងរណ្តៅមរណៈជាថ្មី និងបង្កអសន្តិសុខ ប៉ះពាល់ស្ថេរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាភាពសុខសាន្ត របស់ប្រជាពលរដ្ឋ។
ដើម្បីរក្សាបានសុខសន្តិភាព ការអភិវឌ្ឍបន្តទៀត ប្រជាជនត្រូវចេះប្រើសិទ្ធិមានចែងក្នុងរដ្ឋធម្មនុញ្ញ ដោយទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ មិថុនា ឆ្នាំ២០២២ខាងមុខនេះ៕