នយោបាយ

សម្ដេចតេជោ ៖ សកលលោក គឺនៅតែផ្ដោតការយកឈ្នះ លើសមរភូមិកូវីដ-១៩ ដោយប្រើប្រាស់វ៉ាក់សាំងជា «អាវុធយុទ្ធសាស្ដ្រគន្លឹះ» (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា អាទិភាពចម្បង នៃរបៀបវារៈរួមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកទាំងមូល គឺនៅតែផ្តោតលើការយកឈ្នះ លើសមរភូមិប្រយុទ្ធនឹងជំងឺកូរីដ-១៩ ដោយប្រើប្រាស់វ៉ាក់សាំងជា អាវុធយុទ្ធសាស្ត្រគន្លឹះ។

ក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់ UN ESCAP ស្ដីពី «របៀបវារៈរួម ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក» នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា វិបត្តិនៃជំងឺកូវីដ-១៩ ក៏ដូចជាបញ្ហាប្រឈមផ្សេងទៀត ដែលបាន និងកំពុងកើតមានឡើង មិនត្រឹមតែបានបន្ទច់បង្អាក់ ដំណើរការ នៃការឈានទៅសម្រេចបាននូវអភិវឌ្ឍ ប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងឆ្លុះបញ្ចាំង ឲ្យឃើញពីភាពចាំបាច់នៃការបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការអន្ដរជាតិ ឲ្យកាន់តែខ្លាំងឡើងថែមទៀត។

សម្ដេចតេជោ បញ្ជាក់ថា «ក្នុងបរិបទនៃជំងឺកូវីដ-១៩ មានភាពល្អប្រសើរ តែមិនទាន់ឆ្លងផុតទាំងស្រុង នៅឡើយ អាទិភាពចម្បង នៃរបៀបវារៈរួម នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកទាំងមូល គឺនៅតែផ្តោតលើការយកឈ្នះលើសមរភូមិ ប្រយុទ្ធនឹងជំងឺកូរីដ-១៩ ដោយប្រើប្រាស់វ៉ាក់សាំង ជា អាវុធយុទ្ធសាស្ត្រគន្លឹះ ។ ក្នុងន័យនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ ចំពោះវប្បធម៌ នៃការជួយគ្នាទៅវិញទៅមក ជាពិសេសការចែករំលែក វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតភាពសុំសហគមន៍ពេញលេញ នៅទូទាំងសកលលោក»។

សម្ដេចតេជោ បន្ដថា ទន្ទឹមនឹងនេះ ដោយវិធានការរដ្ឋបាល និង សុខាភិបាលត្រូវបានសម្រួល និងដកចេញជាបន្តបន្ទាប់ កម្ពុជាក៏លើកទឹកចិត្ត ឲ្យមានការបើកទូលាយ និងពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈការជំរុញការវិនិយោគ, ការធ្វើពាណិជ្ជកម្មដោយអនុវត្តឲ្យបានពេញលេញ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលបានចូលជាធរមាន និងការតភ្ជាប់ប្រជាជន និងប្រជាជន ជាពិសេសនៅក្នុងវិស័យទេសចរណ៍ ដើម្បីរួមគា្នស្ដារ និងលើកស្ទួយកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងតំបន់ឡើងវិញ នៅក្រោយវិបត្តិនៃជំងឺកូវីដ១៩។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ក្នុងពេលដែលតំបន់ក៏ដូចជាពិភពលោកទាំងមូល កំពុងតែសម្លឹងទៅមុខប្រកបដោយសុទិដ្ឋិនិយម ក៏កំពុងទទួលរង នូវវិបត្តិមួយថ្មីទៀត គឺសង្គ្រាមនៅអ៊ុយក្រែន ដែលវិបត្តិនេះមិនត្រឹមតែបន្ទច់បង្អាក់ ដល់ការងើបឡើងវិញ នៃស្ថានភាព សង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាចជះឥទ្ធិពលដល់សង្គម-សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ រយៈពេលវែងផងដែរ។

សម្ដេចតេជោ ក៏បានជំរុញ ឲ្យខិតខំប្រឹងប្រែងរួមគ្នា រក្សាឲ្យបាននូវសណ្តាប់ធ្នាប់, សន្តិភាព និងជាពិសេសសន្តិសុខស្បៀង ក្នុងប្រទេស និងតំបន់ ដោយរក្សាឲ្យបាននូវរំហូរ នៃទំនិញសំខាន់ចាំបាច់ ដើម្បីកុំឲ្យប្រជាជនរបស់យើងជួបទុក្ខលំបាកថែមទៀត និង «គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល»។ ជាមួយគ្នានេះ កម្ពុជាយល់ឃើញថា ការឈានទៅសម្រេចបាននូវការ អភិវឌ្ឍប្រកបដោយចីរភាពទាមទារ ឲ្យមានការសម្រេចចិត្តរួមគ្នា ក្រោមយន្តការពហុភាគីនិយម ដោយគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាព នៃប្រទេសនីមួយៗ ៕

To Top