ព័ត៌មានជាតិ

សាខាកាកបាទ ក្រហមខេត្តកំពង់ចាម បានប្រគល់ ផ្ទះមនុស្សធម៌ទី៩ ជូនជនទ័លក្រ ១គ្រួសារ នៅស្រុកកងមាស

កំពង់ចាម ៖ ប្រធានសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមទាំងសហការី ព្រមទាំងព្រះសង្ឃផងនោះ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នេះ បាននិមន្ត និងអញ្ជើញ ប្រគល់ផ្ទះមនុស្សធម៌ទី៩ ជូនគ្រួសារ លោកពូ វ៉ន វុធ អាយុ ៤៦ឆ្នាំ ជាពលរដ្ឋទ័លលំបាក ប្រភេទ ក្រ១ រស់នៅ ភូមិទួលវិហារ ឃុំរាយប៉ាយ ស្រុកកងមាស ។

នាយកប្រតិបត្តិ នៃសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានរំលឹកថា លោកពូ វ៉ន វុធ ជាប្រជាជនដែលទ័លលំបាក ស្ថិតក្នុងប្រភេទ ក្រ១ មានជម្ងឺហឺតប្រចាំកាយ ហើយប្រពន្ធ ក៏មានជម្ងឺទឹកនោមផ្អែម ទៅទៀត។ សព្វថ្ងៃ ត្រូវ រ៉ាប់រង មើលថែចៅ តូចៗ ២នាក់ដែលឪពុកម្តាយពួកគេលែងលះគ្នា ។

លោក ទូច ឆៃ បន្តថា ពួកគាត់ពុំមានមុខរបរទេ រស់នៅពឹងតែលើកូនដែលធ្វើការនៅភ្នំពេញផ្តល់អោយ ខណ: ដែលជីវភាពគេ ក៏ជួបការខ្វះខាតស្រាប់ ម៉្យាងត្រូវចិញ្ចឹមប្អូនៗ ៣នាក់ ផ្សេងទៀត ហើយប៉ុន្មានឆ្នាំមកនេះ ដោយសារលំបាកជីវភាព លោកពូ ក៏ដាច់ចិត្តលក់ដីភូមិរបស់ខ្លួន នៅជាប់នឹងដី របស់បងប្អូន គ្រាន់ព្យាបាលជម្ងឺ និងដោះស្រាយជីវភាពគ្រួសារ។ហើយអ្វីដែលអាណិតបំផុតនោះ គឺ ២នាក់ ប្តីប្រពន្ធ និងចៅ ត្រូវប្រឈមនឹងកង្វះទីជម្រក បង្ខំចិត្តសុំដី អ្នកក្បែរគ្នានោះ ធ្វើកូនរោង ដែលមានដំបូល និងជញ្ជាំងចាស់ទ្រុឌទ្រោម រយីករយាក គ្រាន់ស្នាក់អាស្រ័យ។

លោក ទូច ឆៃ បានបញ្ជាក់ថា ដោយមើលឃើញពីស្ថានភាពលំបាករនោះ ឈ្មោះ វ៉ន វ៉ាន់ បានសម្រេចចែកកន្ទុយដី ទំហំ ១០ម*១២ម ជាដីស្រែ នៅចម្ងាយពីរោងចាស់ប្រមាណ ៧០ ម៉ែត្រ ជូនគ្រួសារលោកពូ ជាកម្មសិទ្ធិ ហើយ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ក៏បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម×៦ម) ១ខ្នង តម្លៃប្រមាណ ១០,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកងមាស និងសប្បុរសជន ជូន លោកពូ វ៉ន វុធ និងគ្រួសារ សម្រាប់ ស្នាក់នៅ តទៅ។

ជាមួយគ្នានោះដែរ ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខាកាកបាទក្រហមខេត្ត បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ លោកពូ វ៉ន វុធ សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប , ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, ម៉ាស់ ២ ប្រអប់ , ចង្ក្រាន១, សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀលផងដែរ ៕

To Top