ព័ត៌មានជាតិ

ចំណីចក្ខុដ៏អស្ចារ្យ! ខ្សែភាពយន្ត Aerial China នាំខ្ញុំទៅទស្សនា ប្រទេសចិន ពីលើអាកាស

លោក អ៊ុន រិទ្ធី ប្រធាននាយកដ្ឋាន ព័ត៌មានក្នុង និងក្រៅប្រទេស នៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ក្រសួងព័ត៌មានកម្ពុជាបានបង្ហាញអំពីចំណាប់អារម្មណ៍ចំពោះខ្សែភាពយន្ដចិនដែលបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍អប្សរា ក្នុងប្រទេសកម្ពុជា។

ប៉ុន្មានថ្ងៃនេះ មានខ្សែភាពយន្តឈ្មោះថា Aerial China ដែលផលិតដោយអគ្គនាយកដ្ឋានស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិនកំពុងចាក់បញ្ចាំងនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រងផ្នែកព័ត៌មាន នៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ក្រសួងព័ត៌មាន ខ្ញុំកត់សម្គាល់ឃើញថា វីដេអូឯកសារទាំងនេះ ពិតជាមានសារៈសំខាន់ និងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជាជាពិសេសបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនចិន ចាប់តាំងពីការកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ។

ប្រទេសចិន ជាប្រទេសមួយដែលមានផ្ទៃដីធំទូលាយ និងមានប្រវត្ដិសាស្រ្ដដ៏ល្បីល្បាញគួរឱ្យចាប់អារម្មណ៍ ជាពិសេសទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ដែលមានវ័យចំណាស់រាប់សិបជំនាន់ និងគ្រប់រជ្ជកាល ដែលបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងបន្ដថែរក្សាកេរតំណែលទាំងនេះឱ្យគង់វង្សរហូតមកដល់សព្វថ្ងៃ។ ក្នុងឯកសារស្ដីពីប្រទេសចិនមើលពីលើអាកាសបានបង្ហាញពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ អគារខ្ពស់ៗ នៅតាមទីក្រុង និងទីប្រជុំជននានាក្នុងប្រទេសចិន។

តាមរយៈឯកសារវីដេអូនេះ ក៏បានបង្ហាញអំពីធនធានធម្មជាតិដ៏អស្ចារ្យ រួមមាន ទឹកដី ព្រៃភ្នំ ទន្លេ បឹង បួរ វាល់ខ្សាច់ និងសត្វជាច្រើនប្រភេទកំពុងរស់នៅដែលកត្ដាទាំងអស់នេះបានឆ្លុះបញ្ចាំងពីភាពសម្បូរបែបរបស់ធម្មជាតិកើតមាននៅក្នុងប្រទេសចិន។ វីដេអូឯកសារនេះក៏បានបង្ហាញពីបច្ចេកវិទ្យាថ្មីៗ សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសចិន ដែលក្នុងនោះក៏មានការអភិវឌ្ឍប្រព័ន្ធអិនធើណែត ការបង្កើតដ្រូន ការគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថល ការគ្រប់គ្រងមនុស្ស ការគ្រប់គ្រងព័ន្ធទិន្នន័យ ប្រព័ន្ធដឹកជញ្ចូន និងការគ្រប់គ្រងគ្រប់ផ្នែកទាំងអស់ ត្រូវធ្វើឡើងតាមប្រព័ន្ធព័ត៌មានឌីជីថល។

ជាមួយគ្នានេះ គម្រោងខួរក្បាលទីក្រុង ដែលគ្រប់គ្រងទិន្នន័យលើផ្នែកចរាចរណ៍ ការគ្រប់គ្រងចរាចរណ៍ និងគ្រប់គ្រងលើការអភិវឌ្ឍសម្រាប់វិស័យផ្សេងៗទៀត ត្រូវបានបង្កើតឡើង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យ ហើយប្រព័ន្ធបច្ចេកវិទ្យាទាំងនេះ ត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្រ្ដចិន សម្រាប់ឆ្លើយតបទៅនឹងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ។

តាមរយៈការទស្សនានូវខ្សែភាពយន្ដឯកសារទាំងនេះ ខ្ញុំកត់សម្គាល់ឃើញថា ការបញ្ចាំងវីដេអូនេះ ពិតជាបានជំរុញឱ្យមានការផ្លាស់ប្ដូរវប្បធម៌ សិល្បៈ និងទំនៀមទម្លាប់រវាងកម្ពុជា និងចិន ជាស្ពានពង្រឹងនូវទំនាក់ទំនងចំណងមិត្តភាពដ៏អស្ចារ្យសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ខណៈដែលបច្ចុប្បន្ននេះប្រទេសកម្ពុជា និងចិនកំពុងតែមានទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការយ៉ាងល្អ តាមរយៈការកសាងសហគមន៍ជោគវាសនារួមគ្នា។

តាមរយៈភាពយន្ដឯកសារស្ដីពីប្រទេសចិននេះ បានក្លាយជាគម្រោងសកម្មភាពមួយសម្រាប់ការលើកកម្ពស់ ផ្សារភ្ជាប់ដួងចិត្តនៃប្រជាជនទាំងពីរ ហើយក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបងប្អូនប្រជាជនកម្ពុជានៅទាំងប្រទេស ជាពិសេសការផ្លាស់ប្ដូរនូវទំនៀមទម្លាប់ ប្រពៃណី សិល្បៈ វប្បធម៌ និងការរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិន។

ខ្ញុំសង្ឃឹមថា ខ្សែភាពយន្តឯកសារដែលបានចាក់បញ្ចាំងនេះ មិនត្រឹមតែ ជំរុញការស្វែងយល់អំពីវប្បធម៌ចិនជូនដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែក៏ជួយលើកកម្ពស់វប្បធម៌ និងជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាឱ្យកាន់តែសម្បូរបែបដែលស្ថិតនៅក្រោមស្ថានភាពនៃជំងឺកូវីដ-១៩ ផងដែរ។ ក្រៅពីសិល្បៈ វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ ព្រមទាំងការរស់នៅរបស់ប្រទេសចិន ខ្សែភាពយន្ដឯកសារទាំងនេះ នឹងផ្ដល់នូវកាលានុវត្ដភាពថ្មីមួយបន្ថែមទៀតដល់ប្រជាជនកម្ពុជា។

ខ្ញុំចាត់ទុកថា ខ្សែភាពយន្ដឯកសារស្ដីពីប្រទេសចិននេះ គឺទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីបងប្អូន ប្រជាជនខ្មែរ នៅតាមរាជធានី ខេត្ត ក្រុង ហើយអ្វីដែលអាចទាក់ទាញធ្វើឱ្យប្រជាជនខ្មែរ និយមទស្សនាខ្សែភាពយន្តឯកសារចិននេះ ក៏ព្រោះតែប្រទេសយើងទាំងពីរ មានចំណងមិត្តភាពជាច្រើនជំនាន់មកហើយ។ រីឯវប្បធម៌ប្រពៃណីទំនៀមទម្លាប់ ជំនឿ និងផ្នត់គំនិតទៀតសោត ក៏មានលក្ខណៈប្រហាក់ប្រហែលគ្នា។ ទាំងនេះក៏ជាមូលហេតុដែលធ្វើឱ្យខ្សែភាពយន្តក៏ដូចជាសិល្បៈ និងវប្បធម៌ ក៏ដូចជាប្រវត្ដិសាស្រ្ដ និងការអភិវឌ្ឍរីកចម្រើនរបស់ចិន បានឆក់យកដួងចិត្តរបស់ប្រជាជនខ្មែរឱ្យចូលចិត្តមើល និងគាំទ្រយ៉ាងខ្លាំង។អ្នកនិពន្ធ៖ អ៊ុន រិទ្ធី

To Top