ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម គ្រោងរៀបចំពិធីអភិសេក រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរវ័ណ

កំពង់ចាម៖ រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរវ័ណ ដែលជាកាផ្តួចផ្តើមកសាងឡើងដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នឹងបានយកមកតម្កល់ នៅលើសួនច្បារមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ហើយរដ្ឋបាលខេត្ត គ្រោងនឹងធ្វើពិធីអភិសេក នាពេលឆាប់ៗខាងមុខ ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យទីតាំងដោយផ្ទាល់ ដើម្បីធ្វើការរៀបចំ ប្រារព្ធពិធីអភិសេក រូបសំណាកខាងលើ ទៅតាមប្រពៃណីដ៏ផូរផង់ របស់ខ្មែរយើង។

តាមប្រសាសន៍លើកឡើងរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អំពីប្រវត្តិនៃ បដិមាព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាន នៃរចនាបថចម្លាក់លោត នៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំយោគ រចនាបថបីបញ្ចូលគ្នា (១) បថបាពួន (២) បថអង្គរ និង(៣) បថបាយ័ន ។

ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សា ដោយកំណត់ទម្រង់ឥរិយាបថ “សន្តិភាព-ឈ្នះចម្បាំង តំណាងឱ្យសេចក្តីដឹងគុណចំពោះ”សន្តិភាព” គឺបច្ចុប្បន្នភាព នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាទទួលបាន សុខសន្តិភាពបរិបូណ៌៕

To Top