ព័ត៌មានជាតិ

លោក ហ៊ុន​ ម៉ានី៖គណបក្សប្រជាជនកម្ពុជា នឹងបន្តបេសកកម្មរបស់ខ្លួន ដើម្បីប្រទេសជាតិ និងប្រជាជន 

ភ្នំពេញ៖លោក ហ៊ុន ម៉ានី​ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្អឺបានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា កំពុងបន្តបេសកកម្មរបស់ខ្លួនដើម្បីប្រទេសជាតិ និងប្រជាជន។

លោកហ៊ុន ម៉ានីបានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី៣មិថុនាដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ថា៖”ខ្ញុំសូមឆ្លៀតយកឱកាសនេះផ្តាំផ្ញើការសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់ថ្នាក់ដឹកនាំគណបក្សជាពិសេសសម្តេចប្រធានបក្សជូនដល់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលជាក្រុមការងារគណបក្សចុះជួយរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ដែលបានចូលរួមលះបង់បំពេញភារកិច្ចរបស់គណបក្សយើងទាំងមុន និងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតរហូតមកទល់ពេលនេះ។ គណបក្សសូមអរគុណសម្រាប់ការលះបង់ ការជឿជាក់ និងការគាំទ្រគណបក្សរបស់យើង”។

លោកថា”យើងទាំងអស់គ្នាបានដឹងច្បាស់ ហើយថា សន្តិភាពដែលនាំមកដោយការលំបាក ដោយការលះបង់រាប់មិនអស់ របស់ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធទាំងអស់ គឺជាមូលដ្ឋានដែលប្រែប្រួលមុខមាត់ប្រទេសកម្ពុជាពីសង្រ្គាម មកជាប្រទេសដែលធ្វើការដោះស្រាយបញ្ហាពិភពលោកដោយស្មើរមុខស្មើរមាត់ជាមួយប្រទេសដទៃទៀត លើឆាកអន្តរជាតិ ក៏ដូចជាក្នុងតំបន់។ សន្តិភាពនេះ ក៏ជាកត្តាចំបងដែលបានផ្តល់ឱកាសអោយប្រទេសយើងអាចផ្តោតអារម្មណ៍ទាំងស្រុង និងប្រើប្រាស់មធ្យោបាយរួមកម្លាំងដើម្បីការអភិវឌ្ឍ ភាពរីកចម្រើន ការបង្កើត និងបង្កើនឱកាសការងារ ព្រមទាំងលើកស្ទួយជីវភាពរបស់ប្រជាជនយើង”។

ផ្ទាំងពាណិជ្ជកម្ម

លោកបានដាក់សំណួរថាតើអ្វីជាសត្រូវសន្តិភាព? (១) នោះគឺសង្រ្គាម ដែលយើងបានឆ្លងកាត់ ជាអ្វីដែលប្រជាជនខ្មែរមិនចង់ឃើញសារជាថ្មីនោះទេ។ (២) នោះគឺភាពអនាធិបតេយ្យ ដែលបង្កដោយពួកខុបខិតជាមួយក្រុមជ្រុលនិយមមួយក្រុមតូច។ (៣) នោះគឺ គម្រោងការចេតនាអាក្រក់មកលើកម្ពុជា ក្រោមរូបភាពនៃអង្គការចាត់តាំងបដិវត្តពណ៌ដែលយើងបានឃើញចន្លោះ២០១៣និង២០១៤ ហើយរឿងនេះមិនត្រូវបំភ្លេច ភស្តុតាងជាក់ស្តែងដែលជាសម្តីពិត (របស់លោកគឹម សុខា) នោះឡើយ។ ចំណុចទាំងបីខាងលើនេះទាមទារអោយ ជំរំទេវតាយើង ត្រៀមខ្លួនការពារសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ។

លោកបានគូសបញ្ជាក់ថា” គណបក្សប្រជាជនកម្ពុជា កំពុងបន្តបេសកកម្មរបស់ខ្លួនដើម្បីប្រទេសជាតិ និងប្រជាជន។ គណបក្សប្រជាជនកម្ពុជា ការពាររដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា។ គណបក្សប្រជាជនកម្ពុជា ការពារព្រះមហាក្សត្រ និងការពាររបបរាជានិយម។ គណបក្សប្រជាជនកម្ពុជា ការពារសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ។ សន្តិភាព និងការអភិវឌ្ឍ គឺជាមូលដ្ឋានដើម្បីភាពរីកចម្រើនក្នុងគ្រប់ទិដ្ឋភាពសង្គម ជាពិសេសកិច្ចការងារដែលបានផ្តល់ចំណូល និងលើកស្ទួយជីវភាពប្រជាជន។ នេះគឺជាអនាគតកម្ពុជាក្រោមម្លប់នៃសន្តិភាព”៕

To Top