ព័ត៌មានជាតិ

Update: កាន់តែរំជួលចិត្ត ក្រោយដឹងរឿងលម្អិត ទាក់ទងនឹងមរណភាព របស់អតីតតារាសម្ដែង គង់ ម៉ូនីកា

ភ្នំពេញ៖ ជាដំណឹងដ៏ក្រៀមក្រំបំផុត សម្រាប់ក្រុមគ្រួសារ មិត្តភក្ដិ និងក្រុមអ្នកគាំទ្រ អតីតតារាសម្ដែង គង់ ម៉ូនីកា បន្ទាប់ពីនាងបានទទួលមរណភាព កាលពីវេលាម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ។

យោងតាមប្រភពពីអ្នកជិតស្និទ្ធរបស់ គង់ ម៉ូនីកា បានឱ្យ Lookingtoday ដឹងមុននេះបន្តិចថា ការស្លាប់របស់នាង គឺដោយសារគាំងបេះដូង ដែលបណ្ដាលមកពីនាង មានជំងឺមេរោគក្នុងក្រពះរ៉ាំរ៉ៃ និងបរិភោគចំណីអាហារមិនគ្រប់គ្រាន់ ។

ប្រភពបានបញ្ជាក់ថា តួឯកស្រីក្នុង MV បទចម្រៀង “ជូនអូនឡើងលើផ្លូវហាយវ៉េ” របស់តារាមច្រៀង លោក ខេម ខាងលើនេះ មានជំងឺមេរោគក្រពះ រយៈពេលប្រហែល ២០ឆ្នាំមកហើយ ហើយមុនពេលទទួលមរណភាព ប្រមាណ២-៣ ថ្ងៃ នាងមានអាការៈហត់ ហើយក៏បានទៅមន្ទីរពេទ្យ ។ ប៉ុន្តែស្ថានភាពសុខភាព នៅមិនទាន់បានស្រួលបួលផង នៅវេលាព្រឹកមិញនេះ នាងក៏បានឡើងទៅវត្តភ្នំ ដើម្បីអុចធូបបួងសួងសុំសេចក្ដីសុខ ។ បន្ទាប់មកនាងក៏ត្រឡប់ទៅផ្ទះវិញ និងបានលេបថ្នាំមេរោគក្រពះ ទាំងដែលមិនទាន់បានបរិភោគអ្វីសោះ រួចទើបទទួលទានផ្លែឈើតាមក្រោយ ។ ប៉ុន្តែភ្លាមៗនោះ ម៉ូនីកា ចាប់ផ្ដើមមានអាការៈទន់ដៃ ទន់ជើង ហើយក៏បានដួល ផុតដង្ហើមភ្លាមៗតែម្ដង ។

បច្ចុប្បន្នសាកសពរបស់ កញ្ញា គង់ មូលីកា បានតម្កល់នៅវត្តទួលអស់លោក ស្ថិតក្នុងភូមិ ក្រោលគោ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។

គួរបញ្ជាក់ផងដែរថា កញ្ញា គង់ ម៉ូនីកា ឆ្នាំនេះមានវ័យ ២៨ឆ្នាំ ចាប់ផ្ដើមមានឈ្មោះបោះសំឡេង ក្រោយសំដែង MV បទចម្រៀង “រាំគ្រលែងចង្កេះ” របស់តារាចម្រៀង Tempo ។ ហើយតាមរយៈបទចម្រៀងនេះដែរ ទស្សនិកជនចាប់អារម្មណ៍ខ្លាំង គឹដោយសារ ម៉ូនីកា ហ៊ានស្លៀកឈុតប៊ីនី បង្ហាញដើមទ្រូងមូលក្លុំ និងជើងដ៏ស្រឡូនទាំងគូរបស់នាង ។

ក្រោយមក តារាស្រីស្រករក្រោយរូបនេះ បានសាងស្នាដៃធំមួយទៀត តាមរយៈការសម្ដែង MV បទចម្រៀង “ជូនអូនឡើងលើផ្លូវហាយវ៉េ” ដែលជា MV ចំណាយដើមទុនច្រើនបំផុត របស់ផលិតកម្ម កាឡាក់ស៊ីណា វ៉ាត្រា ៕ ដោយ៖ ម៉ានី

To Top