ភ្នំពេញ ៖ នៅក្នុងជំនួប ជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា លោក រីឆាត ម៉ាល ( Rechard Marlse) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី បាន វាយតម្លៃខ្ពស់លើទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យការពារជាតិ ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីសង្ឃឹមថានឹង បន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ នាថ្ងៃអនាគតផងដែរ។
យោងតាមនាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ បានសំដែងការអបអរដល់ លោក រីឆាត ម៉ាល ដែលត្រូវបានទទួលតំណែង ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី នាពេលថ្មីៗនេះ។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាង កម្ពុជា-អូស្ត្រាលី មានតាំងពីយូរលុងណាស់មកហើយ ហើយកិច្ច សហប្រតិបត្តិការ នេះបានទទួលលទ្ធផលផ្លែផ្កាជាទីបំផុត។ អូស្ត្រាលីបានជួយ ដល់ក្រសួងការពារជាតិកម្ពុជា ជំហានដំបូងលើការចងក្រង តាក់តែង សៀវភៅស ការពារជាតិ ដែលជាគោលនយោបាយ ការពារជាតិមួយដ៏មានសារៈសំខាន់ ហើយសៀវភៅការពារជាតិឆ្នាំ ២០២២ ទើបតែបានប្រកាសជាផ្លូវការ នាពេលថ្មីៗកន្លងទៅនេះ ។
សម្ដេចបន្តថា ក្រៅពីនេះអូស្ត្រាលី បានជួយបណ្តុះបណ្តាល ភាសាអង់គ្លេស ដល់ ខភម ហើយតាមរយៈចំណេះដឹងផ្នែកភាសាអង់គ្លេសនេះ កម្ពុជាបានបញ្ជូនសិក្ខាកាមទៅបន្តការសិក្សានៅកគ្រប់ទិសទីបន្តទៀត ។ ដោយ លែកនាយ ទាហានដែលបានទៅបណ្តុះបណ្តាលនៅអូស្ត្រាលី បានមកបំពេញការងារ ក្នុង ខភម វិញ ប្រកបដោយ គុណភាព ។

ក្នុងនាមជាប្រធានអាស៊ានប្តូរវេន នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ADMM សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញលោក រីឆាត ម៉ាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី អោយមកចូលរួមក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ( ADMM-Plus) នាខែវិច្ឆិកាខាងមុខនេះផងដែរ ។
ជាការឆ្លើយតបលោក រីឆាត ម៉ាល បានសំដែងការអបអរសាទរ ចំពោះកម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ហើយនឹងមានឱកាសឱ្យលោក បានទៅទស្សនាប្រទេសកម្ពុជា ជាថ្មីម្តងទៀត ៕
