ព័ត៌មានជាតិ

ក្រសួងការងារ ប្រកាសបើកប្រាក់ឧបត្ថម្ភ ឲ្យកម្មការិនីសម្រាលកូន ព្យួរការងារពីខែមីនា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១ (Video)

ភ្នំពេញ ៖ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសបើកប្រាក់ឧបត្ថម្ភឲ្យកម្មការិនីសម្រាលកូនចំនួន ១២ ៧៨៥នាក់ ដែលធ្លាប់ព្យួរកិច្ចសន្យាការងារ ក្នុងអំឡុងខែមីនា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១ ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ នាថ្ងៃ១៥ មិថុនា បានឲ្យដឹងថា “ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ ឧបត្ថម្ភរបស់វគ្គបណ្ដុះបណ្ដាលជំនាញទន់ និងសុវត្ថិភាព និងសុខភាពការងារទៅលេខទូរស័ព្ទ ដែលបងប្អូនបានផ្តល់មកឲ្យក្រសួង តាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក»។

ក្រសួងបន្ដថា ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ចំនួន៩០ដុល្លារតែម្តងគត់ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល ជំនាញទន់ និងសុវត្ថិភាព និងសុខភាពការងារដោយជោគជ័យ ។

ក្រសួងរំឮកថា ធនាគារ វីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ មកក្រសួងវិញ ប្រសិនជាខកខានមិនបានទៅ បើកក្នុងរយៈពេល១០ថ្ងៃ តាមទូរស័ព្ទពីធនាគារវីង ដែលសារត្រូវបានបញ្ជូនចេញទៅ ចាប់ពីថ្ងៃ១៥ មិថុនា ។

ក្រសួងបញ្ជាក់ថា ក្នុងករណីកម្មការិនីនៅរោងចក្រ សហគ្រាសទាំង១២៨នេះ មិនបានទទួលសារទូរស័ព្ទពីធនាគារវីង ត្រូវទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទរបស់ខ្លួនទៅរដ្ឋបាល រោងចក្រសហគ្រាសរបស់ខ្លួន ៕

To Top