ភ្នំពេញ: យុវជនត្រូវចោទចំនួន ៣នាក់ កាលពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២២ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅក្នងពន្ធនាគារ ដើម្បីរង់ចាំ កាត់ទោស តាមច្បាប់ ជាប់ទាក់ទងនឹងអំពីឃាតកម្ម ដោយរួមគំនិតគ្នា វាយសម្លាប់ យុវជនរងគ្រោះម្នាក់ ដោយសាររឿងគំនុំ និង ជម្លោះពាក្យសម្តី ប្រព្រឹត្ត កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២២:០០នាទី យប់ នៅចំណុចហ្គោឡាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដោយតាមដីកាបង្គាប់ឱ្យឃុំខ្លួន ជាបណ្ដោះអាសន្នរបស់តុលាការ បានឲ្យដឹងថា ជនត្រូវចោទទាំង៣នាក់ មានឈ្មោះ ទី១-ឈ្មោះ រ៉ាត់ ណារ៉ាក់ (ហោ រ៉ាក់) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរចុងភៅ ជនជាតិខ្មែរ ស្នាក់នៅភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា (គ្មានសារធាតុញៀន) , ទី២-ឈ្មោះ ពិន បូរី (ហៅ រី) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(គ្មានសារធាតុញៀន), និងទី៣- ឈ្មោះ អូន ដារ៉ា (ហៅហេង) ភេទប្រុស អាយុ២១ឆ្នាំ ជាសិស្សសាលា ជនជាតិខ្មែរ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារ ធាតុញៀន) ។
ចំណែកឯជនរងគ្រោះ ដែលត្រូវបានជនត្រូវចោទ ទាំង៣នាក់ វាយ និង គប់នឹងដុំថ្មបណ្តាលឲ្យស្លាប់នោះ មានឈ្មោះ មាស វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកប្លង់ សុផល ជាអ្នកនាំពាក្យ និង ជាព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ចំពោះសំណុំរឿងក្តីនេះ ជនត្រូវចោទទាំង៣នាក់ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: ឃាតកម្ម និងសមគំនិត ក្នុងអំពើឃាតកម្ម តាមបញ្ញត្តិមាត្រា២៩ និង១៩៩ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។
ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគារ ក្នុងម្នាក់ៗ ចន្លោះពី ១០ ទៅ ១៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញពិរុទ្ធភាព។
ពួកគេត្រូវបានចាប់ឃាត់ខ្លួន និងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីធ្វើការសាកសួរ និង ចោទប្រកាន់កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២៕ ដោយ: លីហ្សា