ព័ត៌មានជាតិ

ឃុំខ្លួនបុរសម្នាក់ ដែលសម្លាប់ស្រីស្នេហ៍ ដោយរឹតករនឹងខ្សែវាំងនន ពីបទ ឃាតកម្ម

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្ដសៀមរាប កាលពីថ្ងៃ ២៥ ខែ មិថុនា ឆ្នាំ ២០២២នេះ បានសម្រេចឃុំខ្លួន បុរសត្រូវចោទម្នាក់ និង បានបញ្ជូនខ្លួន ទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ដើម្បីរង់ចាំ ធ្វើសវនាការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការសម្លាប់ស្រ្តីម្នាក់ ដែលត្រូវជាគូស្នេហ៍របស់ខ្លួន ដោយយកខ្សែវាំងននរឹតក រហូតស្លាប់ រួចលាក់សាកសព នៅក្នុងបន្ទប់ជួល រហូតដល់ស្អុយ និង មានក្លិនស្អុយ ភាយ សល់អ្នកជិតខាង ទើបបែកការណ៍ ។

អំពីឃាតកម្មនេះ បានកើត កាលពីថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ២០២២ នៅក្នុងបន្ទប់ជួលរបស់ជនរងគ្រោះ ដែលមានទីតាំង ស្ថិតនៅក្រោយសាលាបឋមសិក្សាបន្ទាយចាស់ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន បណ្ដោះអាសន្ន របស់លោកចៅក្រមស៊ើបសួរ ជនត្រូវចោទរូបនេះ មានឈ្មោះ សេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកធនាគារខ្នាតតូច មានស្រុកកំណើតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ដសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប។

ចំណែកឯនារីរងគ្រោះមានឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ អ៊ុត សក់ នៅក្នុងផ្សារលើធំថ្មី មាន ស្រុកកំណើតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់កើតហេតុ។

អ្នកទាំង២ ត្រូវជាដៃគូស្នេហានឹងគ្នា។

ជនត្រូវចោទត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: ឃាតកម្ម តាមបញ្ញត្តិ មាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ និង ប្រឈមនឹងការជាប់គុក ពី ១០ ទៅ ១៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពី ពិរុទ្ធភាព។

ឈ្មោះ សេង គឹមហួរ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៤ ខែ មិថុនា ២០២២ បន្ទាប់ពីគាត់បាន សម្លាប់ជនរងគ្រោះ៕

ដោយ: លីហ្សា

To Top