ព័ត៌មានជាតិ

លោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ជួបពិភាក្សាជាមួយលោក Yang Jiechi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

ថ្ងៃទី ២៩ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានជួបពិភាក្សាការងារជាមួយលោក Yang Jiechi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការបរទេសនៃមជ្ឈិមចិននៅទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន ។

លោក Yang Jiechi បានថ្លែងថា ប៉ាគីស្ថានគឺជាមិត្តដែកថែប និងជាបងប្អូនដែលអាចទុកចិត្តបានរបស់ចិន ។ ប្រទេសចិនតែងតែចាត់ទុកទំនាក់ទំនងចិន-ប៉ាគីស្ថានជាអាទិភាពក្នុង ទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងរបស់ខ្លួន ហើយមានឆន្ទៈរួមសហការជាមួយប៉ាគីស្ថានដើម្បីកសាងសហគមន៍រួមវាសនារវាងចិននិងប៉ាគីស្ថានដែលមានភាពកាន់តែជិតស្និទ្ធ ក្នុងយុគសម័យថ្មី ។ ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសម្របសម្រួលជាមួយប៉ាគីស្ថានលើកិច្ចការពហុភាគី ក្នុងន័យគាំពារផលប្រយោជន៍រួមនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ។

ផ្ទាំងពាណិជ្ជកម្ម

ជាការឆ្លើយតប លោក Shahbaz បានថ្លែងថា ប៉ាគីស្ថានប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយគាំទ្រយ៉ាងមុតមាំចំពោះប្រទេសចិនក្នុងការគាំពារផលប្រយោជន៍ស្នូល និងបញ្ហាយកចិត្តទុកដាក់សំខាន់ៗរបស់ចិន ។ ភាគីប៉ាគីស្ថានមានឆន្ទៈរួមសហការជាមួយភាគីចិនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យ ពន្លឿនការកសាងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ក្នុងន័យជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់កាលៈទេសៈរវាងប៉ាគីស្ថាននិងចិនឱ្យឡើងដល់កម្រិតថ្មី ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top