ព័ត៌មានជាតិ

សម្ដេច ស ខេង ជំរុញ​ឱ្យ​បញ្ជូនមន្ត្រី ទៅទទួលការបណ្ដុះបណ្ដាល ទាំងក្នុង និងក្រៅប្រទេស

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ក្នុងការបង្កើនការបញ្ជូនមន្ត្រីឱ្យទៅទទួលការបណ្ដុះបណ្ដាល ទាំងក្នុង និងក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារ។

ក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២១ នារសៀលថ្ងៃទីអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ និងលើកទឹកចិត្តខ្ពស់ចំពោះកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលបានខិតខំសិក្សារៀនសូត្រយកចំណេះដឹង ដើម្បីពង្រឹងសមត្ថភាពក្នុងការបំពេញការងារស្នូលរៀងៗខ្លួន។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា «លើកទឹកចិត្តដល់អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ក្នុងការបង្កើនការបញ្ជូនមន្ត្រីឱ្យទៅទទួលការបណ្ដុះបណ្ដាល ទាំងក្នុង និងក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាពសំដៅធានាដល់ប្រក្រតីភាព និងប្រសិទ្ធភាពការងារ»។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចក្រឡាហោម បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានខិតខំលើកកម្ពស់ការបណ្ដុះបណ្ដាលទាំងមន្ត្រីនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលតាមភូមិភាគ ព្រមទាំងមន្ត្រីរាជការស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោម ទាំងនៅសាលាភូមិន្ទរដ្ឋបាល និងនៅសាលាជាតិរដ្ឋបាលមូលដ្ឋានដែលក្រសួងមហាផ្ទៃទើបតែបង្កើតឡើង។

សម្ដេច ក៏បានមានប្រសាសន៍អំពីដំណើរការកំណែទម្រង់ការងារនានានៅក្រោមក្រសួងមហាផ្ទៃ ដូចជាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់នគរបាលជាតិ និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ក្នុងនោះសម្ដេចក៏បានចែករំលែកទស្សនទានពាក់ព័ន្ធដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីពេលថ្មីៗនេះ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានបញ្ជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទៅទទួលការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល មានដូចជា វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ វត្គមន្ត្រីគ្រប់គ្រងរដ្ឋបាល វគ្គមន្ត្រីមធ្យម និងមន្ត្រីក្រមការ សរុបចំនួន ៧៩២នាក់ ស្រី១៣៨នាក់៕

To Top