បម្រែបម្រួល អាកាសធាតុ គឺជាបញ្ហាប្រឈមដ៏ចម្បងមួយ របស់ពិភពលោក ដែលកំពុងគំរាមកំហែង ដល់សុខភាពនិងជីវភាព របស់មនុស្សជាតិ នៅលើភពផែនដីនេះទាំងមូល ។ ការប្រយុទ្ធប្រឆាំង នឹង បម្រែបម្រួលអាកាសធាតុ ទាមទារនូវកិច្ចខិតខំប្រឹងប្រែងរួម ពីគ្រប់ប្រទេសនិងតំបន់ទាំងអស់ ។ ក្នុងនាមជាប្រទេស កំពុងអភិវឌ្ឍន៍ធំជាងគេបំផុត ដែលមានប្រជាជន ជាង ១,៤០០លាននាក់ ប្រទេសចិនពិតជាមានតួនាទី ដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំង នឹងបម្រែបម្រួល អាកាសធាតុសកលលោក ។ អ្នកជំនាញជាច្រើនយល់ឃើញ ស្របគ្នាថា បើប្រទេសចិនពុំអាចទទួល បានជោគជ័យ ក្នុងការកាត់បន្ថយការ បញ្ចេញឧស្ម័នកាបូនិកទេ ពិភពលោកនឹង មិនអាចទទួលជ័យជម្នះក្នុងសង្គ្រាមប្រឆាំង បម្រែបម្រួលអាកាសធាតុនោះឡើយ ។
ដោយមានទំនួលខុសត្រូវ ខ្ពស់ ប្រទេសចិន បានដាក់ចេញនិងអនុវត្តគោលនយោបាយ វិធានការ និង សកម្មភាពជាច្រើន ដើម្បីប្រយុទ្ធប្រឆាំង នឹងបម្រែបម្រួល អាកាសធាតុ និង បានចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ច អាកាសធាតុសកល ។ រដ្ឋាភិបាលចិន ចាត់ទុកកិច្ចការពារបរិស្ថាន ជាអាទិភាពចម្បងមួយ ដោយកិច្ចការពារបរិស្ថានត្រូវបានធ្វើសមាហរណកម្មដាក់បញ្ចូល ទៅក្នុងគ្រប់ផែនការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គមរបស់ប្រទេស ។ ច្បាប់និងបទបញ្ញត្តិគតិយុត្តិ ពិសេសជាច្រើនស្ដីពីកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានតាក់តែងនឹងដាក់ឲ្យអនុវត្តយ៉ាងតឹងរ៉ឹង ។ ដើម្បីបញ្ជាក់នូវការប្ដជ្ញាចិត្តមោះមុត របស់ខ្លួន រដ្ឋាភិបាលចិនបានប្រកាសជាផ្លូវការនូវ “សង្គ្រាមប្រឆាំងការបំពុលបរិស្ថាន” ដោយធ្វើការត្រួតពិនិត្យ យ៉ាងម៉ត់ចត់នៅទូទាំងប្រទេស ទៅលើការអនុវត្តច្បាប់បរិស្ថាន និងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើសកម្មភាពរំលោភច្បាប់ ដោយមិនលើកលែង។ បន្ថែមទៅលើការអនុវត្តច្បាប់ រដ្ឋាភិបាលចិន ផ្ដោតការយកចិត្តទុកដាក់ ទៅលើការអប់រំលើកកម្ពស់ការ យល់ដឹងអំពីបរិស្ថាន និងផ្ដល់ការលើកទឹកចិត្ត ដល់ប្រជាជននិងវិស័យឯកជន ឲ្យចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការពារបរិស្ថាន ។
បន្ថែមទៅលើការកាត់បន្ថយ ការបញ្ចេញឧស្ម័ន កាបូនិក ប្រទេសចិនក៏បានខិតខំប្រឹងប្រែង បង្កើនសមត្ថភាពស្រូប យកឧស្ម័នកាបូនិក តាមរយៈការអនុវត្ត គោលនយោបាយដាំដើម ឈើឡើងវិញ ដែលរហូតមកដល់ពេលនេះ ដើមឈើចំនួនជិត ៨០ពាន់លានដើម ត្រូវបានដាំឡើងវិញ នៅទូទាំងប្រទេស។ កាលពីដើមទស្សវត្សរ៍ឆ្នាំ១៩៨០ ប្រទេសចិន មានផ្ទៃដីដែលគ្របដណ្ដប់ដោយព្រៃឈើ ត្រឹមតែ១២% នៃផ្ទៃដីសរុបតែប៉ុណ្ណោះ ប៉ុន្តែនាពេលបច្ចុប្បន្ន ផ្ទៃដីដែលគ្របដណ្ដប់ដោយព្រៃឈើ បានកើនដល់ជាង២៣% នៃផ្ទៃដីសរុប ដែលមានទំហំ ជាង ២២០លានហិកតា ដែលធ្វើឲ្យប្រទេសចិន មានសមត្ថភាពអាចស្រូប យកឧស្ម័នកាបូនិក ជាង៩ពាន់លានតោន ក្នុងមួយឆ្នាំ ។
ជាការពិត ការកាត់បន្ថយការបញ្ចេញ ឧស្ម័នកាបូនិក បានដាក់សំពាធយ៉ាងខ្លាំង ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ពីព្រោះ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ត្រូវការជាចាំបាច់នូវថាមពល។ ទោះជាប្រឈមនឹងសំពាធធ្ងន់ធ្ងរបែបនេះ រដ្ឋាភិបាលចិនមិនផ្លាស់ប្ដូរ គោលដៅកាត់បន្ថយការបញ្ចេញ ឧស្ម័នកាបូនិករបស់ខ្លួននោះឡើយ ដោយរដ្ឋាភិបាលចិន បានផ្លាស់ប្ដូរទៅរកការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមដែលមានលក្ខណៈបៃតង ដោយផ្ដោតទៅលើការ អភិវឌ្ឍនិងប្រើប្រាស់ប្រភព ថាមពលថ្មី និងបច្ចេកវិទ្យាទំនើប ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ។ នាពេលបច្ចុប្បន្ន ប្រទេសចិន គឺជាអ្នកវិនិយោគនាំមុខគេ របស់ពិភពលោក ទៅលើការ អភិវឌ្ឍថាមពល កកើតឡើងវិញ ។ ការប្រើប្រាស់ថាមពល ដែលមានប្រភពមកពីធ្យូងថ្ម នៅក្នុងប្រទេសចិន ត្រូវបានកាត់ បន្ថយ ពីទំហំជាង៧០% កាលពីឆ្នាំ២០០៥ មកនៅត្រឹមទំហំប្រហែល៥០% តែប៉ុណ្ណោះ ក្នុងឆ្នាំ២០២១ ។ នាពេលបច្ចុប្បន ការប្រើប្រាស់ថាមពល ដែលមានប្រភព មកពីឥន្ធនៈ មិនមែនហ្វូស៊ីល បានកើនដល់ចំនួន១៦,៦% នៃ ការប្រើប្រាស់ថាមពលសរុប ហើយសមត្ថភាព ផលិតថាមពល កកើតឡើងវិញ របស់ប្រទេសចិន បានកើនរហូត ដល់ប្រហែល៤៥% នៃការផលិតថាមពល សរុបរបស់ប្រទេស ។ នៅឆ្នាំ២០២៥ ជិត៥០% នៃចំនួនរថយន្ត ដែលដើរដោយថាមពលអគ្គិសនី នៅទូទាំង ពិភពលោក និង ៩៩%នៃចំនួនរថយន្តក្រុង ដែលដើរដោយថាមពលអគ្គិសនី នៅលើសកលលោក នឹងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចិន ។
បន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែង នៅក្នុងប្រទេស ប្រទេសចិនបានគាំទ្រ និងចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពការពារបរិស្ថាន អន្តរជាតិ ។ ប្រទេសចិន បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចចរចា ស្ដីពីបម្រែបម្រួលអាកាសធាតុ ជំរុញការបញ្ចប់ ដោយជោគជ័យ នូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីអាកាសធាតុ និងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ ។ ទន្ទឹមគ្នានេះ ប្រទេសចិន បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចសហការទ្វេភាគី ក្នុងវិស័យការពារបរិស្ថាន ជាមួយប្រទេសជាច្រើន នៅជុំវិញ ពិភពលោក ជាពិសេស ជំរុញគាំទ្រឲ្យមានប្រព័ន្ធ អភិបាលកិច្ចអាកាសធាតុ សកលមួយដែលមានលក្ខណៈឈ្នះឈ្នះ បែបសហការ ដែលសមហេតុផល និងមានយុត្តិធម៌ ។
រហូតមកដល់ពេលនេះ កិច្ចខិតខំប្រឹងប្រែង របស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំង នឹងការបំពុលបរិស្ថាន សម្រេចបាននូវជោគជ័យ គួរឲ្យកោតសរសើរ។ នាពេលបច្ចុប្បន្ន ប្រទេសចិន ទទួលបានស្ថានភាពបរិស្ថាន ដែលល្អប្រសើរជាងមុន គួរឲ្យកត់សម្គាល់ ជាពិសេស គុណភាពខ្យល់ ។ ការបញ្ចេញ ឧស្ម័នកាបូនិក ក្នុងមួយឯកតានៃផលិតផលក្នុងស្រុកសរុប បានធ្លាក់ចុះ៥០% បើធៀបទៅនឹង តួលេខកាលពីឆ្នាំ២០០៥ ចំណែកឯបរិមាណ សារធាតុគ្រោះថ្នាក់ នៅក្នុងខ្យល់ក្នុងឆ្នាំ២០២០ បានធ្លាក់ចុះ៤០% បើធៀបនឹងតួលេខ កាលពីឆ្នាំ២០១៣ ។ គុណភាពខ្យល់ នៅក្នុងទីក្រុងធំៗ របស់ប្រទេសចិន មានសភាពល្អប្រសើរ ជាងមុនយ៉ាងខ្លាំង ដោយនៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ចំនួនថ្ងៃដែលមានផ្ទៃមេឃ ពណ៌ខៀវនៅក្នុង ទីក្រុងប៉េកាំង បានកើនរហូតដល់២៨៨ថ្ងៃ ឬស្មើនឹង៧៨,៩% នៃចំនួនថ្ងៃសរុបក្នុងមួយឆ្នាំប្រក្រតិទិន ដែលតួលេខនេះបង្ហាញនូវកំណើនចំនួន១១២ថ្ងៃ បើធៀបនឹងតួលេខកាលពីឆ្នាំ២០១៣ ។
និយាយជារួម ដោយមានកម្លាំងសេដ្ឋកិច្ច និងសមត្ថភាព បច្ចេកវិទ្យាដ៏រឹងមាំ និងមានទំនួលខុសត្រូវខ្ពស់ ប្រទេសចិន បានដើរតួជាកម្លាំង នាំមុខគេ ក្នុងការប្រយុទ្ធប្រឆាំង បម្រែបម្រួលអាកាសធាតុសកល ។ ជោគជ័យរបស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំង បម្រែបម្រួលអាកាសធាតុ គឺជាជោគជ័យ របស់ពិភពលោកទាំងមូល ។
អត្ថបទដោយលោកសាស្រ្តាចារ្យ បណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជា សម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ