ព័ត៌មានជាតិ

សម្ដេច ស ខេង ជឿជាក់ថា ទូតថ្មីប៉ាគីស្ថាន នឹងបន្ដរឹតចំណងមិត្តភាពរវាង កម្ពុជា-ប៉ាគីស្ថាន ឱ្យកាន់តែជិតស្និទថែមទៀត

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការ​ជឿជាក់ថា ឯកអគ្គរដ្ឋទូតប៉ាគីស្ថានថ្មី ប្រចាំកម្ពុជា នឹងបន្ដរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង និងជិតស្និទថែមទៀត។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតឥស្លាមប៉ាគីស្ថានថ្មី ប្រចាំកម្ពុជា នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្ដេច ស ខេង មានប្រសាសន៍ថា «តាមរយៈបេសកម្មការទូតរបស់ ឯកឧត្តម នឹងបន្ដរួមចំណែកកាន់តែខ្លាំងក្លាបន្ថែមទៀត ដល់ការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក៏ដូចជា រឹតចំណងមិត្តភាពរវាង កម្ពុជា-ប៉ាគីស្ថាន ឱ្យកាន់តែប្រសើរឡើង និងជិតស្និទថែមទៀត»។

សម្ដេច បានលើកឡើងថា នៅក្នុងប្រវត្តិសាស្ដ្រ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ អស់រយៈពេលប្រមាណ ៧០ឆ្នាំមកនេះ គឺតែងតែមានទំនាក់ទំនងល្អជាមួយគ្នា ពុំដែលមានបញ្ហាអ្វីកើតឡើងមួយនោះទេ។

ផ្ទាំងពាណិជ្ជកម្ម

លើសពីនេះ សម្ដេច ស ខេង នឹងបន្ដខិតខំរកវិធីសាស្ដ្រ ដើម្បីធ្វើយ៉ាងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ផ្អែកទៅលើមូលដ្ឋាន នៃទំនាក់ទំនងដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Zaheeruddin Babar Thaheem បានឯកភាពចំពោះការលើកឡើងរបស់ សម្ដេច ស ខេង ។ លោក បានលើកឡើងថា ប្រទេសប៉ាគីស្ថាន គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតក្នុងសកលលោក បានទទួលស្គាល់នូវអធិបតេយ្យភាពរបស់កម្ពុជា ជាពិសេសនៅក្រោយការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត៕

To Top