ព័ត៌មានជាតិ

នាំខ្លួន ជនជាប់ចោទ ជាអតីតមន្ត្រីយោធា ផ្កាយ៣ម្នាក់ មកសាកសួរ ពាក់ព័ន្ធសំណុំរឿងចំនួន៥ បទល្មើស

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានបង្គាប់ ឲ្យនាំខ្លួន បុរសជាប់ចោទម្នាក់ ដែលជា អតីតមន្ត្រីយោធាផ្កាយ៣ មកកាន់តុលាការ ដើម្បីសាកសួរ លើកសំណុំរឿងរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ ទោសទាក់ទង នៅក្នុងចំណោមបទ ល្មើសចំនួន៥ ដែលគាត់ជាប់ចោទ ។

យោងតាមដីការបង្គាប់ ឲ្យនាំខ្លួន ដែលចេញដោយ លោកចៅក្រមស៊ើបសួរ សំប៊ុនពៅ បានឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះឡេង ប៊ុនស្រ៊ី ភេទប្រុស អាយុ៥៧ឆ្នាំ អតីតមន្ត្រីយោធា ។

ជនជាប់ចោទ ឈ្មោះ ឡេង ប៊ុនស្រ៊ី ត្រូវបានតំណាងអយ្យការបានចោទប្រកាន់ចំនួន បទល្មើស ៥ រួមមានគឺ ៖ ទី១- អំពើហឹង្សាក្នុងគ្រួសារ ។ទី ២- បង្ខាំង មនុស្ស ដោយ ចេតនា ទុច្ចរិត ក្នុងគោលដៅ គំរាម ទារប្រាក់ពីប្រពន្ធ ។ ទី ៣-កាន់កាប់អាវុធ ដោយគ្មានច្បាប់ អនុញ្ញាត ។ ទី៤- រំលោភ សេពសន្ថវៈ មានស្ថានទម្ងន់ទោស (ចាប់រំលោភសេព សន្ថវៈលើកូនស្រីចុង) ។ និងទី៥- បទគំរាមកំហែងថា នឹងសម្លាប់ ។

ជនជាប់ចោទ ឈ្មោះឡេង ប៊ុនស្រ៊ី ត្រូវបានចាប់ឃាត់ខ្លួន ដោយកម្លាំងសមត្ថកិច្ចនគរបាល ការិយាល័យប្រឆាំង ការជួញដូរ មនុស្សនិង ការពារ អនីតិជន នៃ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ពាក់ពាក់ព័ន្ធនឹងបទល្មើសខាងលើ ដោយ យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ៕

ដោយ: លីហ្សា

To Top