ព័ត៌មានជាតិ

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការដាក់ដំណើរការជា ផ្លូវការកម្មវិធីពន្លឿន អាជីវកម្មកសិកម្មឌីជីថល ក្នុងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបណីយកម្មកសិកម្ម (SAAMBAT

នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ អនុសមាសភាគទី២.២ នៃគម្រោង SAAMBAT បានរៀប ចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ដំណើរការជាផ្លូវការកម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថលដែលកម្មវិធីនេះត្រូវបានរៀបចំឡើង នៅសណ្ឋាគារ Raffles Hotel Le Royal ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” តំណាងក្រុមការងាររបស់គម្រោង SAAMBAT។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថលដល់ធុរជន​ សាធារណជន និងដៃគូពាក់ព័ន្ធនានាដែលធ្វើការ ក្នុងវិស័យកសិកម្ម​​ កសិ-ពាណិជ្ជកម្ម ធុរកិច្ចថ្មី ឬថ្នាលឌីជីថលដែលមានស្រាប់ ប៉ុន្តែនៅខ្វះខាតការគាំទ្រ ទាំងធនធាន និងបច្ចេកទេស អាចមានសិទ្ធិ ក្នុងការស្នើសុំមូលនិធិ​ពន្លឿនអាជីវកម្មកសិកម្មឌីជីថល ដើម្បីស្វែងរកនវានុវត្តន៍ថ្មីៗបន្ថែមទៀត។

លើសពីនេះទៅទៀត សិក្ខាសាលាបានចែករំលែកចំណេះដឹង បទពិសោធន៍ និងធ្វើបទបង្ហាញសំខាន់ៗចំនួន ២ ដែលប្រធានបទទី ១ គឺនិយាយអំពីសកម្មភាពរបស់អនុសមាសភាគទី ២.២ និងប្រធានបទទី ២ គឺ កម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថល ក៏ដូចជាកិច្ចពិភាក្សាស្តីពីលទ្ធភាពក្នុងការស្នើសុំមូលនិធិនេះផងដែរ ហើយបេក្ខជនដែលមានសក្ដានុពលនឹងត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីនេះផងដែរ ។

អ្នកទទួលបានជ័យលាភីក្នុងកម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថលនេះ នឹងទទួលបាននូវគុណប្រយោជន៍ជាច្រើនដែលកម្មវិធីនឹងផ្តល់ជូន ដូចជាការផ្តល់ជូនមូលនិធិ, ទីកន្លែងបំពេញការងារដោយរួមទាំងសេវាអ៊ិនធឺណេត, ការចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា, ការទទួលបាននូវការប្រឹក្សាយោបល់ពីសហគ្រិន និងអ្នកណែនាំដែលមានបទពិសោធន៍ល្អៗ, ការប្រើប្រាស់Cloud របស់ Amazon Web Service (AWS), ការទំនាក់ទំនងល្អជាមួយអ្នកវិនិយោគ និងភ្នាក់ងារហិរញ្ញវត្ថុនានា ជាពិសេសកម្មវិធីនវានុវត្តន៍ដែលទទួលបានជ័យលាភី ក៏អាចធ្វើការថ្ពក់ជាមួយបណ្តុំថ្នាលកសិកម្មខ្មែរ (Khmer Agriculture Suite – KAS Core Platform) ដែលអាចទទួលបានព័ត៌មានកសិកម្ម ក៏ដូចជាថ្នាលសម្រាប់សហគ្រាសជនបទ ក្នុងការជួញដូរទំនិញ និងលើកកម្ពស់ជីវភាព រួមទាំងសមត្ថភាពចំណេះដឹងសហគ្រិនភាព របស់ពួកគាត់ផងដែរ។

តំណាងមកពី​ភាគីពាក់ព័ន្ធ​សំខាន់ៗរបស់គម្រោងIFAD ក៏ដូចជា​ធុរកិច្ចកសិកម្ម កសិ-ពាណិជ្ជកម្ម និងស្ថាប័នហិរញ្ញវត្ថុនានា​ ដែលបាននិងកំពុង​​ប្រើប្រាស់បច្ចេកវិទ្យា​ឌីជីថលដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យកសិកម្ម ត្រូវបានអញ្ជើញមកចូលរួមក្នុងអង្គសិក្ខាសាលានេះ។

ជាលទ្ធផល អ្នកចូលរួមមិនត្រឹមតែបានចូលរួមជជែកវែកញែកប្រកបដោយផ្លែផ្កាប៉ុណ្ណោះទេ ថែមទាំងទទួលបានព័ត៌មាន ស្តីពីវិធីនៃការដាក់ពាក្យចូលរួមក្នុងកម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថល​ ដើម្បីទទួលបានរង្វាន់ជ័យលាភីយកទៅធ្វើអាជីវកម្ម រួមទាំងជ្រួតជ្រាបកាន់តែច្បាស់ អំពីអត្ថប្រយោជន៍នៃដំណើរការនៃការធ្វើនវានុវត្តន៍បច្ចេកវិទ្យា ដែលមានសារៈសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រដោយផ្តល់នូវឱកាសសេដ្ឋកិច្ចដល់ប្រជាជននៅទីជនបទ។ ជាពិសេសបច្ចេកវិទ្យាឌីជីថលមានលទ្ធភាពដើម្បីជួយដល់កសិករនៅទីជនបទ និងអ្នកពាក់ព័ន្ធនានា តាមរយៈបណ្តុំថ្នាលកសិកម្មខ្មែដែលអាចអោយពួកគាត់ទទួលបានព័ត៌មានកសិកម្ម ក៏ដូចជាថ្នាលសម្រាប់សហគ្រាសជនបទ ក្នុងការជួញដូរផលិតផលកសិកម្ម និងលើកកម្ពស់ជីវភាព រួមទាំងជំនាញ សមត្ថភាព និងចំណេះដឹងសហគ្រិនភាពរបស់ពួកគាត់ផងដែរ ដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ ស្របតាមបរិបទនៃការរីកលូតលាស់ឥតឈប់ឈរនៃបច្ចេកវិទ្យាឌីជីថលក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០៕

To Top