ព័ត៌មានជាតិ

ក្រសួងការងារ ណែនាំពីយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន៍

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំពីយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធនន៍ សម្រាប់បុគ្គលទាំងឡាយ ស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ រយៈពេល ៩០ថ្ងៃ ចាប់ពីខែកក្កដា ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្ដាតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម រោងចក្រ សហគ្រាស គ្រឹះស្ថានទូទាំងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

យោងតាមសេចក្ដីណែនាំ របស់ក្រសួងការងារ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួង បានស្នើសុំដល់នាយក ឬម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានត្រូវផ្តល់កិច្ចសហការផ្តល់ទីកន្លែង និងរៀបចំកម្មករនិយោជិត ឲ្យបានចូលរួមស្វែងយល់ពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន៍សម្រាប់បុគ្គលទាំងឡាយ ស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ដែលមានរយៈពេលយ៉ាងតិចចំនួន២ ម៉ោងក្នុងមួយពេល។

ក្រសួងបន្ថែមថា នាយក ឬម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានត្រូវធានាថាកម្មករ និយោជិតរបស់ខ្លួន បានចូលរួមដើម្បីយល់ដឹងពីកាតព្វកិច្ច សិទ្ធិ និងអត្ថប្រយោជន៍នៃការចូលរួម ក្នុងផ្នែកប្រាក់សោធន៍ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top