ព័ត៌មានជាតិ

អភិបាលក្រុងបាវិត នាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់ត្រីមាស ចំនួន៤វត្ត នៅក្រុងបាវិត

ស្វាយរៀង ៖ លោកលឹម សៀង ហេង អភិបាលក្រុងបាវិត និងមន្ត្រីរាជការសាលាក្រុង បានមូលមតិគ្នា នាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់ត្រីមាស នៅចំនួន៤វត្ត នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបានរៀបចំឡើង នៅវត្តពោធិថ្មីហៅវត្តបាវិត នាព្រឹក ថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២២ ។ 

លោកលឹម សៀងហេងបានថ្លែងថា ពិធីនេះអាចប្រព្រឹត្តទៅបាន ដោយសាតែប្រទេសជាតិមាន សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេស ឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ចំណែកឯទឹកចិត្តសទ្ធាជ្រះថ្លាពីថ្នាក់ដឹកនាំ មន្ត្រីរដ្ឋក្រុងបាវិតនាថ្ងៃនេះ បានកើតឡើងចេញពីការរួមសាមគ្គីភាពគ្នា គឺបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយ វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ 

លោកបានបន្តថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយៈពេល៣ខែ ដោយចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ហើយបញ្ចប់ទៅវិញ នៅថ្ងៃ១៥កើតខែអស្សុជ តាមព្រះវិន័យព្រះពុទ្ធសាសនា ដែលបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្ត ចេញទៅបិណ្ឌបាត នៅខាងក្រៅឆ្ងាយៗវត្តបានឡើយ ដោយគង់នៅចាំព្រះវស្សា ក្នុងទីវត្តអារាម រហូតពេញអស់មួយត្រីមាសតែម្ដង ។ ដូច្នេះហើយទើបជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែនាំគ្នាយកទៀន វស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃ មុនថ្ងៃចូលព្រះវស្សា។

លោកបានគូសបញ្ជាក់ថា ទីវត្តអារាម គឺជាមូលដ្ឋានគ្រឹះ នៃអក្សរសាស្ត្រខ្មែរយើង ដែលជាជង្រុក នៃសម្បត្តិវប្បធម៌ជាតិ និង ជាថ្នាលបណ្តុះបណ្តាល នូវធនធានមនុស្ស ទាំងវិស័យអាណាចក្រ និង ពុទ្ធចក្រទៀតផង។

ជាមួយគ្នានេះលោកអភិបាលក្រុងបាវិតបានផ្តាំផ្ញើ ដល់ប្រជាពុទ្ធបរិស័ទសូមរួមគ្នាធ្វើការអប់រំកូនចៅ ឲ្យចាកឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និង ចូលរួមថែរក្សាបរិស្ថាន អនាម័យ ជាពិសេសអនុវត្តវិធានការ៣កុំ ៣ការពារនិងសូមចូលរួម ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ(ដូសទី៣ ទី៤ទី៥ឲ្យបានគ្រប់ៗគ្នា ដើម្បីមានភាពសុំានៅក្នុងសហគមន៍។

ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃដល់ទាំង ៤វត្ត ក្នុងថ្ងៃនេះ ក្នុង១វត្តទទួលបាន ទៀនធំ ១គូរ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យ៦០មុឺនរៀលផងដែរ ៕

To Top