ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ៖ វិស័យកីឡា គឺជាផ្នែកមួយមាន សារ:សំខាន់បំផុត ក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិ

កំពង់ចាម ៖ ក្នុងពិធីបើកការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២២ នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២២ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា វិស័យកីឡា គឺជាផ្នែកមួយមានសារ:សំខាន់បំផុត ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ។

លោកអភិបាលខេត្តបានថ្លែងបន្តថា វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយ ដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាគ្រប់ប្រភេទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងចាត់ទុកថា ជាវិស័យមួយដ៏មានសារៈសំខាន់បំផុតក្នុងការអភិវឌ្ឍប្រទេសជាតិ សម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង និងច្រើនសន្ធឹកសន្ធាប់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សាសនា ការកាត់បន្ថយភាពក្រីក្រ ការពារសិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូររបស់មនុស្ស លទ្ធិប្រជាធិបតេយ្យ រស់នៅសុខសាន្តក្រោមដំបូលសុខសន្តិភាព សុខដុមរមនាត្រជាក់ត្រជុំ ប្រកបដោយសិរីមង្គល វិបុលឧត្ដមថ្លៃថ្លាបំផុត។

លោកអភិបាលខេត្តបន្តថា ថ្វីត្បិតដំណើរការប្រកួតកីឡា ក្នុងរយៈពេលពីរឆ្នាំកន្លងមក ត្រូវបានអាក់ខានដោយសារវិបត្តិជំងឺកូវីដ-១៩។ ពិតណាស់យើង អាចមាន ឱកាសជួបជុំនានា រួមទាំងរៀបចំកម្មវិធីប្រកួតកីឡានាឱកាសនេះ ដោយសារក្រោមការដឹក នាំប្រកបដោយ គតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បានខិតខំស្វែងរកវ៉ាក់សាំងសំរាប់ចាក់ស្រោចដល់ប្រជាពលរដ្ឋយើង ដោយឥតគិតថ្លៃ មកដល់ពេលនេះ មានបងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន និង ដូសជំរុញហើយ តាមរយៈវ៉ាក់សាំងនេះ បានបង្កើតនូវភាព ស៊ាំក្នុងសហគមន៍ ទប់ស្កាត់បាននូវការឆ្លងរាលដាលនូវជម្ងឺកូវីដ-១៩ និងអនុញ្ញាតឱ្យប្រទេសកម្ពុជាយើង បើកប្រទេសឡើងវិញនូវគ្រប់វិស័យ។

លោកអភិបាលខេត្ត បានយកឱកាសនោះ ក្រើនរំលឹកដល់យុវជនទាំងអស់ ដោយយកការប្រកួតកីឡាដ៏មានអត្ថន័យនេះបានជ្រួតជ្រាបដល់ស្រទាប់ យុវជនគ្រប់រូបព្រមទាំងបង្វែចិត្តគំនិតយុវជនយើង ឱ្យចូលមកលេងកីឡាឱ្យបានគ្រប់ៗគ្នា ពិសេសកីឡា ដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី។ ម៉្យាងទៀតកីឡាករ កីឡាការិនីទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំហ្វឹកហាត់តាមបច្ចេកទេសបន្ថែមទៀត ដោយឈរលើកត្តាសាមគ្គីភាព ទេពកោសល្យ បទបញ្ញត្តិ បទពិសោធន៍ពេលប្រកួត វិន័យពេលប្រកួត និងសីលធម៌ពេលប្រកួត ហើយត្រូវរក្សាឱ្យបានល្អបំផុតនៅពេលប្រកួត និងចៀសវាងកុំឱ្យមានភាពខុសឆ្គងដោយប្រការណាមួយ ដែលខុសពីបទបញ្ញត្តិ និងលក្ខន្តិកៈ របស់គណៈកម្មការបច្ចេកទេសបានផ្សព្វផ្សាយ និងបានធ្វើការណែនាំមុនការប្រកួត គឺដាច់ខាតត្រូវតែមានវិន័យ និងក្រមសីលធម៌ជានិច្ច ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ ៕

To Top