ព័ត៌មានជាតិ

រដ្ឋមន្ត្រីកាបរទេសកម្ពុជា៖ «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» គឺជាផលប្រយោជន៍សាធារណៈ ដែលចិនផ្តល់ដល់ពិភពលោកទាំងមូល

ភ្នំពេញ៖ ឆ្លើយតបនឹងសំណួររបស់វិទ្យុមិត្តភាពកម្ពុជា-ចិន នាពេលថ្មីៗនេះ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជាបានមានប្រសាសន៍ ថា កម្ពុជាគាំទ្រ «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» ដែលត្រូវបានស្នើឡើងដោយប្រធានរដ្ឋចិន លោក Xi Jinping ។ ឯកឧត្តមយល់ឃើញថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គឺជាផលប្រយោជន៍សាធារណៈមួយផ្សេងទៀត ដែលចិនផ្តល់ដល់ពិភពលោកទាំងមូល។

លោកជឿជាក់យ៉ាងមុតមាំថា ការចូលរួមរបស់កម្ពុជា ក្នុងគំនិតផ្តួចផ្តើមនេះនឹងពង្រឹងបន្ថែមទៀត នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់គួរឱ្យកត់សម្គាល់ ក្នុងនោះ មានដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) និងការកសាងសហគមន៍កម្ពុជា-ចិន នៃអនាគតរួមគ្នា ជាដើម។

លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានរម្លឹកពី «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» ដែលត្រូវប្រកាសដាក់ចេញដោយប្រធានរដ្ឋ ចិន ឯកឧត្តម Xi Jinping នៅក្នុងសម័យប្រជុំលើកទី៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញា ឆ្នាំ ២០២១ ដោយពេលនោះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ពីសហគមន៍អន្តរជាតិ ជាពិសេស ប្រទេសកំពុងអភិវឌ្ឍន៍។ នេះគឺដោយសារតែ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល មានគោលបំណងជួយ ដល់ប្រទេសអភិវឌ្ឍន៍តិចតួច ជាពិសេសអ្នកដែលជួបការលំបាកក្នុងការ ងើបឡើងវិញពីជំងឺរាតត្បាត COVID-19 កាត់បន្ថយភាពក្រីក្រ និងសន្តិសុខស្បៀង តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការលើកកម្ពស់ការអភិវឌ្ឍ ផ្នែកហិរញ្ញវត្ថុ និងបៃតង។

«ជាការពិតណាស់ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គឺជាផលប្រយោជន៍សាធារណៈ មួយផ្សេងទៀតដែលប្រទេសចិន ផ្តល់ដល់ពិភពលោកទាំងមូល។ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល នឹងចូលរួមចំណែកក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ និងការពន្លឿនការអនុវត្តគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ ២០៣០។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា ជាងនេះទៅទៀត គំនិតផ្តួចផ្តើមនេះ រំលឹកឲ្យឃើញថា ប្រទេសនីមួយៗចង់បានការអភិវឌ្ឍន៍ និងការរីកចម្រើន ដូច្នេះ កិច្ចសហប្រតិបត្តិការ ជំនួសឱ្យការប្រកួតប្រជែង និងការបែងចែកតិចជាង ៕ អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

To Top