ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានបញ្ជាក់ថា សមាគមមិត្តភាពវៀតណាម-កម្ពុជា ជាតួអង្គសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ធ្វើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំយូរអង្វែង ។

ក្នុងជំនួបជាមួយលោកស្រី ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា នាព្រឹកថ្ងៃ២សីហា សម្តេច ហេង សំរិន បានលើកឡើងថា «សមាគមមិត្តភាពវៀតណាម-កម្ពុជា ជាតួអង្គដ៏មានសារៈសំខាន់មួយ នៃការរួមចំណែកផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរឲ្យកាន់តែរឹងមាំ និងស្ថិតស្ថិរយូរអង្វែង តាមបំណងប្រាថ្នានៃថ្នាក់ដឹកនាំប្រទេសទាំងពីរ»។

សម្តេច ហេង សំរិន ក៏បានជំរុញលើកទឹកចិត្តដល់សមាគមមិត្តភាពនៃប្រទេសទាំងពីរ បន្តពង្រឹងនិងពង្រីកសកម្មភាព និងកិច្ចសហប្រតិបត្តិការរបស់ខ្លួន លើវិស័យសំខាន់ៗ ក្រៅពីសង្គម និងមនុស្សធម៌ រួមមាន ៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងវិទ្យាសាស្ត្រជាដើម។

ចំណែក លោកស្រី ង្វៀន ធីថាញ់ បានលើកឡើងពីការវិវិឌ្ឍថ្មីៗនៅវៀតណាម ក៏ដូចជាកិច្ចការរបស់រដ្ឋសភាវៀតណាម ដែលបានអនុវត្តនាពេលកន្លងមក និងកិច្ចសហប្រតិបត្តិការរវាងសមាគមមិត្តភាព នៃប្រទេសទំាងពីរ វៀតណាម-កម្ពុជាផងដែរ៕
