ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច៖ ត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជាសងបំណុលបរទេសបាន ១៨៣លានដុល្លារ (Video)

ភ្នំពេញ ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ បើតាមការអះអាងពីលោក មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជាបានខិតខំប្រឹងប្រែងសងបំណុលបរទេស ក្នុងទឹកប្រាក់ចំនួន១៨៣លានដុល្លារ ខណៈជំពាក់ជាង៩ប៊ីលានដុល្លារ ។

ក្នុងសន្និសីទសារព័ត៌មាន រយៈពេល៥ឆ្នាំរបស់ក្រសួងសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក មាស សុខសេនសាន បានបានបង្ហាញពីស្ថានភាពបំណុល ដែលមានចែងក្នុងព្រឹត្តិប័ត្ររបស់ក្រសួងថា មកដល់ពេលនេះ ស្ថានភាពបំណុលរបស់កម្ពុជា គិតជាតួលេខ ៩.៨១ប៊ីលានដុល្លារ។ ប៉ុន្តែលោកថា ទោះបីជាយ៉ាងណាកម្ពុជា បានខិតខំប្រឹងប្រែងសងត្រឡប់ទៅវិញោផងដែរ ។

លោកគូសបញ្ជាក់ថា “យើងបន្តខិតខំសងទៅវិញក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ យើងបានគិតគូសងទៅវិញជាបណ្តើរៗប្រហែល១៨៣លានដុល្លារអាមេរិក” ។

លោកអ្នកនាំពាក្យឲ្យដឹងទៀតថា បញ្ហាបំណុលរបស់កម្ពុជានេះ គឺជាប្រធានធំរបស់ក្រុមប្រឆាំងគឺថា ឲ្យតែរដូវបោះឆ្នោតដឹងតែពីលើកឡើងមកហើយ ប៉ុន្តែលោកបកស្រាយទៅវិញថា រាជរដ្ឋាភិបាលមានលក្ខខណ្ឌត្រឹមត្រូវ ក្នុងការខ្ចីបំណុលបរទេសមិនមែនចេះតែដើរខ្ចីនោះទេ ។ ម្យ៉ាងទៀតកម្ពុជាខ្ចីបំណុលបរទេសមិនមែន យកមកបើកប្រាក់ខែ ឲ្យបុគ្គលិករដ្ឋនោះទេ គឺខ្ចីដើម្បីយកមកវិនិយោគ ។

ផ្ទាំងពាណិជ្ជកម្ម

ចំពោះការខ្ចីបំណុលនេះ លោកអះអាងទៀត គឺផ្អែកលើលក្ខខណ្ឌ៥ចំណុច ដោយរដ្ឋសភាពជាអ្នកអនុម័ត មានការជជែកដេញដោលគ្នា មិនមែនចេះតែខ្ចីនោះទេ ។

លោកថា មួយទៀតការខ្ចីក៏មានការទទួលស្គាល់ ពីមូលនិធិរូបិយ៍វត្ថុអន្តរជាតិIMFផងដែរ។ អនុបាតគោលដែលមិនគួរខ្ចីឆ្លងគឺក្នុងរង្វង់៤០ភាគរយ ខណៈកម្ពុជាបានខ្ចីក្នុងរង្វង់ពី៣៣-៣៥ភាគរយប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២១និង២០២២ និងឆ្នាំ២០២៣ខាងមុខអាចថា ត្រឹម៣៦ភាគរយ។

ចំពោះបញ្ហាបំណុលនេះដែរ បើតាមលោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានថ្លែងក្នុងសន្និសីទដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីចុងឆ្នាំ២០២១ថា កម្ពុជាបានជំពាក់បំណុលបរទេសជាង៩ប៊ីលានដុល្លារ ហើយក៏មានលទ្ធភាពសង ព្រោះបំណុលនេះ នៅកម្រិតទាប បើធៀបនឹងបណ្ដាប្រទេសផ្សេងៗ។

បើតាមសៀវភៅថវិកាសង្ខេប ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច ចិនជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជាប ។ ក្រៅពីនេះកម្ពុជា ជាប់បំណុលពហុភាគី នៃស្ថាប័នអន្តរជាតិ បន្ទាប់ពីនេះ គឺរួមមានម្ចាស់បំណុល ដូចជា ជប៉ុន កូរ៉េខាងត្បូងជាដើម ៕

To Top